ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនកងនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ ទៅប្រទេសគុយបា គឺជាសារយ៉ាងច្បាស់ព្រមាន ទៅអាមេរិក

AFP

បរទេស៖ ការបញ្ជូនកងនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ ទៅប្រទេសគុយបា គឺប្រទេស រុស្ស៊ីហាក់ដូចជាចង់បង្ហាញថា ខ្លួនអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងរង្វង់ឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងនាវានៃកងទ័ពជើងទឹករុស្ស៊ី រួមទាំងនាវាមុជទឹកនុយក្លេអ៊ែរ Kazan បានចូលចតនៅកំពង់ផែ Havana របស់ប្រទេសគុយបា កាលពីថ្ងៃទី១២ ខែមិថុនា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃទៅកាន់ប្រទេសអាមេរិកឡាទីន។ នៅពេលចូលដល់កំពង់ផែ Havana កប៉ាល់ឆ្មាំ Admiral Gorshkov បានបាញ់កាំភ្លើង ២១ ដើម ដើម្បីឆ្លើយតបទៅនឹងពិធីស្វាគមន៍ របស់ប្រទេសម្ចាស់ផ្ទះ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃតែមួយថា កងនាវារបស់ប្រទេសរុស្ស៊ី “បានបញ្ចប់សមយុទ្ធលើការប្រើប្រាស់ អាវុធមីស៊ីលដែលមានភាពជាក់លាក់ខ្ពស់” មុនពេលចូលចត។

យោធាគុយបាបាននិយាយថា ដំណើរទស្សនកិច្ចរបស់កងនាវារុស្ស៊ី “គោរពយ៉ាងតឹងរ៉ឹង” ជាមួយនឹងបទប្បញ្ញត្តិអន្តរជាតិ។ ក្រសួងការបរទេសគុយបាបានអះអាងថា កប៉ាល់ទាំងនោះមិនបានផ្ទុកអាវុធនុយក្លេអ៊ែរទេ ដូច្នេះហើយ ដំណើរទស្សនកិច្ចទៅកាន់កំពង់ផែ Havana មិនមែនជាការគំរាមកំហែងដល់តំបន់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនាវាមុជទឹកនុយក្លេអ៊ែរ និងកប៉ាល់ការពារទំនើបបំផុតរបស់ រុស្ស៊ីមានវត្តមាននៅក្នុងដែនទឹក តែក្នុងចម្ងាយប្រហែល ១៤៥ គីឡូម៉ែត្រពីចុងរដ្ឋផ្លរីដាសហរដ្ឋអាមេរិក , អ្នកជំនាញជាច្រើនជឿថា នេះគឺជាសារដ៏រឹងមាំដែលរុស្ស៊ីកំពុងផ្ញើឱ្យអាមេរិក ។

Rebekah Koffler អ្នកវិភាគផ្នែកចារកម្មយុទ្ធសាស្ត្រ និងជាអតីតមន្ត្រីជាន់ខ្ពស់នៃ ទីភ្នាក់ងារចារកម្មការពារជាតិអាមេរិក បាននិយាយថា ចំណាត់ការរបស់ទីក្រុងម៉ូស្គូ គឺជាការព្រមានដល់ប្រធានាធិបតី Joe Biden បន្ទាប់ពីមេដឹកនាំសេតវិមានបាននិយាយថា អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ ជំនួយអាវុធដើម្បីវាយឆ្មក់ទឹកដីរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top