ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល រិះគន់ទៅលើផែនការ ប្រកាសដោយយោធា ផ្អាកយុទ្ធសាស្ត្រប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្គហ្សា

AFP

យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បានរិះគន់ផែនការដែលបានប្រកាសដោយយោធាកាលពីថ្ងៃអាទិត្យ នឹងផ្អាកយុទ្ធសាស្ត្រប្រចាំថ្ងៃ ក្នុងការប្រយុទ្ធគ្នា នៅតាមដងផ្លូវធំមួយចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ។

គួរបញ្ជាក់ថា យោធាបានប្រកាសផ្អាក ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥និង០០នាទីដល់ម៉ោង ១៦និង០០នាទីម៉ោងសកល នៅក្នុងតំបន់ចាប់ពីផ្លូវឆ្លងកាត់ Kerem Shalom ទៅកាន់ផ្លូវ Salah al-Din ហើយបន្ទាប់មកឆ្ពោះទៅភាគខាងជើង ។

មន្ត្រីអ៊ីស្រាអ៊ែលម្នាក់បានឲ្យដឹងថា “នៅគ្រាដែលលោកនាយករដ្ឋមន្ត្រីបានឮរបាយការណ៍នៃការផ្អាកមនុស្សធម៌រយៈពេល១១ម៉ោងនៅពេលព្រឹក គាត់បានងាកទៅរកលេខាធិការយោធារបស់គាត់ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ទង្វើនេះមិនអាចទទួលយកបានសម្រាប់គាត់នោះទេ” ។

យោធាបានបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការធម្មតា នឹងបន្តនៅក្នុងទីក្រុង Rafah ដែលជាការផ្តោតសំខាន់នៃប្រតិបត្តិការ របស់ខ្លួននៅតំបន់ហ្គាហ្សាភាគខាងត្បូង ជាកន្លែង ដែលទាហាន៨នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ។

ចំពោះប្រតិកម្មពីលោក Netanyahu បានគូសបញ្ជាក់ពីភាពតានតឹងផ្នែកនយោបាយ ជុំវិញបញ្ហាជំនួយដែលចូលមក ក្នុងតំបន់ហ្គាហ្សា ដែលអង្គការអន្តរជាតិ បានព្រមានអំពីវិបត្តិមនុស្សធម៌ ដែលកំពុងកើនឡើង។

រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ដែលដឹកនាំគណបក្សសាសនាជាតិ និយមមួយនៅក្នុងក្រុមចម្រុះ ដែលកំពុងកាន់អំណាចរបស់លោក Netanyahu បានបរិហារគំនិត នៃការផ្អាកយុទ្ធសាស្ត្រដោយលើកឡើងថា អ្នកណាដែលសម្រេចចិត្តថា វាជា “មនុស្សល្ងង់” ដែលគួរតែបាត់បង់ការងាររបស់ពួកគេ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top