ឡុងដ៍៖ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សរាប់លាននាក់ក្នុងប្រទេសអង់គ្លេស បានចាប់ផ្តើមបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតសកល ខណៈដែលការិយាល័យបោះឆ្នោតប្រមាណ៤០.០០០ នៅទូទាំងប្រទេសបានបើកទ្វារនៅម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទីម៉ោងសកល ។
អ្នកបោះឆ្នោតក្នុងមណ្ឌលចំនួន៦៥០ នឹងជ្រើសរើសសមាជិកសភា ដែលជាសភាជាន់ទាប ។ គណបក្សមួយត្រូវតែយកឈ្នះយ៉ាងហោចណាស់៣២៦អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើន ហើយត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles III ដើម្បីបង្កើតរដ្ឋាភិបាល ។
តាមការស្ទង់មតិនៅមុនពេលបោះឆ្នោតបានផ្តល់ឱ្យគណបក្សការងារដែលជាគណបក្សប្រឆាំងដ៏សំខាន់នាំមុខ២០ពិន្ទុលើគណបក្សអភិរក្សដែលបានកាន់អំណាចអស់រយៈពេល១៤ឆ្នាំ ។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា តម្លៃនៃការរស់នៅ ការថែទាំសុខភាព ការអប់រំ និងអន្តោប្រវេសន៍ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលសំខាន់បំផុតសម្រាប់អ្នកបោះឆ្នោត ។
យោងតាមការស្ទង់មតិផ្លូវការមួយកាលពីខែមេសាបានឲ្យដឹងថា អត្រាអតិផរណារបស់ចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់រយៈពេល៤ទសវត្សរ៍ក្នុងឆ្នាំ ២០២២ ដោយសារតម្លៃហួសប្រមាណសម្រាប់គ្រឿងទេស ថាមពល និងថ្លៃជួលបានធ្វើឱ្យសាធារណជនមានការឈឺចាប់យ៉ាងខ្លាំង ។ ទោះបីជាអតិផរណាធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ តម្លៃនៃការរស់នៅនៅតែបន្តជាក្តីកង្វល់ចម្បងសម្រាប់ប្រជាជននៅទូទាំងប្រទេសអង់គ្លេស ។
ទន្ទឹមនឹងនេះ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ការពេញចិត្តជាសាធារណៈចំពោះសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាមួយនឹងពេលវេលារង់ចាំយូរដែលត្រូវបានលើកឡើងថា ជាហេតុផលចម្បងផងដែរ ។
លោក Stuart Wilks-Heeg សាស្ត្រាចារ្យផ្នែកនយោបាយនៅសាកលវិទ្យាល័យ Liverpool បានប្រាប់ ទីភ្នាក់ងា Xinhua យ៉ាងដូច្នេះថា ទស្សនៈទូទៅគឺថា កំណត់ត្រារបស់ក្រុមអភិរក្សក្នុងការដោះស្រាយបញ្ហាទាំងនេះគឺ “មិនល្អទេ” ក្នុងអំឡុងពេល១៤ឆ្នាំរបស់ពួកគេនៅក្នុងពេលកាន់កាប់រដ្ឋាភិបាល ។ គណបក្សការងារត្រូវបានគេមើលឃើញថា ជាជម្រើសសម្រាប់ការផ្លាស់ប្តូរ ទោះបីជាមិនមាន “ការសាទរខ្លាំង” សម្រាប់ Keir Starmer ដែលជាមេដឹកនាំគណបក្សការងារក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា