គែរ៖ ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍ថា ប្រទេសអេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពី “ចំណុចលេចធ្លោ” ទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយមិនបង្ហាញពីពេលវេលាជាក់លាក់នៃការប្រជុំនៅឡើយទេ។
អេហ្ស៊ីប បាននឹងកំពុងបើកកិច្ចប្រជុំយ៉ាងយកចិត្តទុកដាក់ជាមួយភាគីពាក់ព័ន្ធក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា អេហ្ស៊ីបក៏បានរក្សាការប្រាស្រ័យទាក់ទងជាមួយចលនាហាម៉ាស់ ផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកជាប់ឃុំ និងអ្នកទោស។
អ៊ីស្រាអែល បានបើកការវាយលុកដ៏ធំមួយនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០ នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ ប្រែសម្រួល ឈូក បូរ៉ា
