ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​ធ្ងរ​ជាច្រើននាក់​​ នៅ​ទីក្រុង​ហ្គាហ្សា

AFP

ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ ឬរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសង្កាត់នានានៅភាគខាងកើត នៃទីក្រុងហ្គាហ្សា ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។

ប្រភពវេជ្ជសាស្ត្របានប្រាប់ស៊ីនហួថា អ្នករងរបួសរាប់សិបនាក់ រួមទាំងកុមារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងតំបន់ហ្គាហ្សា ដោយសារតែការទម្លាក់គ្រាប់បែកនេះ។

ការបាញ់ផ្លោងបានកើតឡើងបន្ទាប់ពី កងទ័ពអ៊ីស្រាអែល បានណែនាំអ្នកស្រុក Tuffah, Daraj និងតំបន់ផ្សេងទៀតឱ្យជម្លៀសភ្លាមៗ ទៅកាន់ទីជម្រកនៅភាគខាងលិច នៃទីក្រុងហ្គាហ្សា ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា “ចំពោះអ្នកស្រុក និងជនភៀសខ្លួនទាំងអស់នៅក្នុង Tuffah, Old Town, Daraj និងតំបន់ផ្សេងទៀត ដើម្បីសុវត្ថិភាពរបស់អ្នក ជម្លៀសភ្លាមៗទៅកាន់ទីជម្រក ដែលបានបង្កើតឡើងនៅភាគខាងលិច ទីក្រុងហ្គាហ្សា” ។

មនុស្ស​ជា​ច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​នៅ​ពេល​ថ្ងៃ​លិច និង​ពេល​ល្ងាច ដើម្បី​ស្វែង​រក​កន្លែង​សុវត្ថិភាព​នៅ​ភាគ​ខាង​លិច​ទីក្រុងហ្គាហ្សា។  វីដេអូដែលចែករំលែកដោយសកម្មជនប៉ាឡេស្ទីន នៅលើ Facebook បង្ហាញពីគ្រួសារ ដែលចាកចេញដោយយានជំនិះឯកជន ឬដោយថ្មើរជើង ដោយកាន់របស់របរមួយចំនួនរបស់ពួកគេ។

លោក Marwan Sultan ប្រធានមន្ទីរពេទ្យឥណ្ឌូណេស៊ីនៅភាគខាងជើង តំបន់ហ្គាហ្សាបានប្រកាសស្ថានភាពអាសន្នយ៉ាងខ្លាំង នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីការជម្លៀស ចេញពីមន្ទីរពេទ្យនៅទីក្រុងហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top