ព័ត៌មានអន្តរជាតិ

នៅក្នុងប្រទេស អាល់បានី មានមនុស្សជាង៨០នាក់ ធ្លាក់ខ្លួនឈឺ ក្រោយពីមានករណីពុល សារធាតុគីមី មិនដឹងមូលហេតុ

ទីរ៉ាណា៖  យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃចន្ទថា នៅក្នុងក្រុង Bulqiza ស្ថិតនៅភាគឦសាន នៃប្រទេសអាល់បានី មានករណីមនុស្សជាច្រើននាក់ បានពុលសារធាតុគីមីជាទ្រង់ទ្រាយធំកើតឡើង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សជាង៨០នាក់ ត្រូវបានបំពុលដោយសារធាតុគីមីមិនស្គាល់អត្តសញ្ញាណច្បាស់នោះទេនៅក្នុងក្រុង Bulqiza កាលពីថ្ងៃអាទិត្យ ហើយអ្នកដែលមានរោគសញ្ញា នៅតែស្នាក់នៅមន្ទីរពេទ្យ ដដែលកាលពីថ្ងៃចន្ទម្សិលមិញនេះ ។

ការពុលនេះ ត្រូវបានគេរាយការណ៍ជាលើកដំបូង កាលពីថ្ងៃសៅរ៍ ហើយអ្នកជំងឺជាធម្មតាមានរោគសញ្ញាដែលអាការៈឈឺពោះ ក្អួតចង្អោរ និងចុះខ្សោយកម្លាំង ។

អាជ្ញាធរមូលដ្ឋានសង្ស័យថា មានការបំពុល នៅក្នុងទឹក ដែលជាមូលហេតុ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការធ្វើតេស្តគំរូ មិនទាន់បានរកឃើញ ការចម្លងរោគពីបាក់តេរីណាមួយនោះទេ ហើយការស៊ើបអង្កេតលើមូលហេតុ កំពុងដំណើរការបន្តទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top