បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស របស់រុស្សីហៅកាត់ថាSVR បានលើកឡើងអំពីរបាយការណ៍ ដែលបានបញ្ជាក់ម្តងហើយកាលពីខែមីនាថា បារាំងកំពុងរៀបចំបញ្ជូនទាហានប្រហែល ២០០០ នាក់ចូលទៅជួយប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។
ការសង្ខេបដែលត្រូវបានចេញផ្សាយ នៅលើទំព័រទស្សនាវដ្តី របស់ SVR ដែលនៅក្នុងនោះប្រភពបានអះអាងថា កងទ័ពបារាំងមានការព្រួយបារម្ភ អំពីការកើនឡើងនៃចំនួនជនជាតិបារាំង ដែលត្រូវបានសម្លាប់ជាពិសេសបន្ទាប់ពី កងកម្លាំងរុស្ស៊ីបានបំផ្លាញមជ្ឈមណ្ឌល ដាក់ពង្រាយបណ្តោះអាសន្ន សម្រាប់ជនបរទេសនៅជិត Kharkov ក្នុងខែមករា។
ការវាយប្រហារនោះតែម្តងគត់បានសម្លាប់ ពលរដ្ឋបារាំងរាប់សិបនាក់ហើយ តាមសេចក្តីរាយការណ៍ទីក្រុងប៉ារីស ដោយកត់សម្គាល់ថា ចាប់តាំងពីពេលនោះមក ការវាយប្រហារស្រដៀងគ្នានេះបានកើតឡើងជារឿយៗ នៅក្នុងជម្លោះនៅអ៊ុយក្រែន។
SVR ដដែលបានរាយការណ៍ថា ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងគំនិតដែលថាមានទាហានបារាំងណាម្នាក់ នៅក្នុងអ៊ុយក្រែនគឺត្រូវបានបិទបាំង ដោយចេតនាដោយអាជ្ញាធរបារាំង។
កន្លងមក ប្រធានាធិបតីបារាំង Emmanuel Macron តែងតែបាននិយាយម្តងហើយម្តងទៀតថា ប្រទេសរបស់លោកអាចបញ្ជូនទាហាន ទៅប្រយុទ្ធនៅខាងក្រុងគៀវ ដែលបង្កឱ្យមានការថ្កោលទោសពីរុស្ស៊ី ក៏ដូចជាការរុញច្រានពីសម្ព័ន្ធមិត្តភាគច្រើនរបស់ប៉ារីស នៅក្នុងអង្គការណាតូផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី