បរទេស៖ យោងតាមការចេញផ្សាយរបស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD កាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់ អំពីផែនការក្នុងការពង្រីកបណ្តាញ ចែកចាយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ខណៈដែលខ្លួនបើកហាងដំបូងរបស់ខ្លួន ក្នុងប្រទេសក្នុងសប្តាហ៍នេះ និងដើម្បីក្លាយទៅជាគូប្រជែង ផលិតផលក្នុងស្រុក VinFast ។
ហាងលក់រថយន្ត BYD ចំនួន១៣ទីតាំង នឹងបើកទ្វារដល់សាធារណជន វៀតណាមនៅថ្ងៃសៅរ៍ ហើយក្រុមហ៊ុនផលិតរថយន្តសង្ឃឹមថា នឹងបង្កើនចំនួននោះដល់ប្រហែល ១០០ នៅឆ្នាំ២០២៦។
យោងតាមលោក Vo Minh Luc ប្រធានផ្នែកប្រតិបត្តិការសម្រាប់ក្រុមហ៊ុន BYD Vietnam បានឱ្យដឹងថា ស៊េរីផលិតផលគំរូចំនួនបីដំបូង ដែលរួមបញ្ចូលប្រភេទ Crossover Atto 3 នឹងបន្តបន្ថែមទៅដល់ ៦ប្រភេទចាប់ពីខែតុលា។
រថយន្ត BYD ទាំងអស់សម្រាប់ប្រទេសវៀតណាម នឹងត្រូវបាននាំចូលនាពេលនេះ។ រដ្ឋាភិបាលវៀតណាមបាននិយាយថា កាលពីឆ្នាំមុន BYD បានសម្រេចចិត្តសាងសង់រោងចក្រ ផលិតរថយន្តអគ្គិសនីនៅភាគខាងជើងនៃប្រទេស ប៉ុន្តែផែនការទាំងនោះហាក់ បានស្ងប់ស្ងាត់មកវិញ។
គួរឲ្យដឹងដែរថាម៉ាក Atto 3 នឹងមានតម្លៃចាប់ពី៧៦៦ លានដុងឬត្រូវជា ៣០៣០០ដុល្លារក្នុងមួយគ្រឿង ដែលខ្ពស់ជាងតម្លៃចាប់ផ្តើម ៦៧៥លានដុងសម្រាប់ VF 6 របស់ក្រុមហ៊ុនអ្នកផលិតក្នុងស្រុក VinFast ៕
ប្រែសម្រួល៖ ស៊ុន លី