ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងសម្ព័ន្ធអារ៉ាប់ ទទួលយកការអំពាវនាវ របស់ ICJ ឱ្យបញ្ចប់ការកាន់កាប់ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន

Xinhua

គែរ៖ ប្រទេសអេហ្ស៊ីប និងសម្ព័ន្ធអារ៉ាប់ បានស្វាគមន៍កាលពីថ្ងៃសុក្រ ចំពោះការអំពាវនាវ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់វត្តមានខុសច្បាប់ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសអេហ្ស៊ីប បានអំពាវនាវឱ្យភាគីអន្តរជាតិទាំងអស់រក្សា និងអនុវត្តមតិយោបល់របស់ ICJ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការសម្របសម្រួលសិទ្ធិស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង។

នៅព្រឹកថ្ងៃដដែល តុលាការកំពូល របស់អង្គការសហប្រជាជាតិ បានចេញមតិមិនជាប់កាតព្វកិច្ចដោយប្រកាសការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ជាការបំពានច្បាប់អន្តរជាតិ ដោយជំរុញឱ្យអ៊ីស្រាអែល ដកខ្លួនចេញពីទឹកដីដែលខ្លួនកាន់កាប់ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន។

អេហ្ស៊ីបក៏បានជំរុញឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខចាត់វិធានការចាំបាច់ ដើម្បីបញ្ចប់វត្តមានរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដោយបញ្ជាក់ពីការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ាឡេស្ទីន និងបញ្ឈប់ការរំលោភបំពាន និងការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។

ទន្ទឹមនឹងនេះ អគ្គលេខាធិការ នៃសម្ព័ន្ធរដ្ឋអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានសាទរ និងគាំទ្រចំពោះប្រទេសអេហ្ស៊ីប ដោយស្វាគមន៍ ចំពោះមតិយោបល់របស់ ICJ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ។

លោក Aboul-Gheit បានអះអាងថា មតិរបស់តុលាការដើរតួជាមូលដ្ឋានគ្រឹះ ផ្នែកច្បាប់ដ៏សំខាន់មួយ សម្រាប់បញ្ជាក់ពីពីភាព ស្របច្បាប់របស់ប៉ាឡេស្ទីន ដោយផ្តល់ឱ្យវានូវភាពស្របច្បាប់ចាំបាច់ និងភាពជឿជាក់ផ្នែកច្បាប់ ចំពេលមានការប៉ុនប៉ង របស់អ៊ីស្រាអែល ក្នុងការបង្ខូចទ្រង់ទ្រាយ និងប្រភពដើមនៃជម្លោះ ។

ប្រធានសម្ព័ន្ធអារ៉ាប់បានសង្កត់ធ្ងន់ លើទម្ងន់ផ្លូវច្បាប់ និងសីលធម៌ដ៏ច្រើនរបស់មតិយោបល់ថា ជាភស្តុតាងគួរឱ្យទាក់ទាញចិត្ត ដើម្បីប្រឆាំងនឹងអំណះអំណាង របស់អ៊ីស្រាអែល ដោយបញ្ជាក់ពីតួនាទីសំខាន់របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top