ហាណូយ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីរបស់រដ្ឋបាលដែនសមុទ្រវៀតណាម ថាយ៉ាងដូច្នេះ ប្រព័ន្ធកំពង់ផែរបស់ប្រទេសវៀតណាមនាពេលឥឡូវនេះ ត្រូវបានបំពាក់ដើម្បីគ្រប់គ្រងកប៉ាល់ធំជាងគេនៅលើពិភពលោក ដោយទាក់ទាញប្រតិបត្តិការពីបណ្តាញដឹកជញ្ជូនអន្តរជាតិសំខាន់ៗចំនួន៤០ ឯណោះ។
នៅក្នុងចំណោមកំពង់ផែចំនួន៣៤របស់ប្រទេសនេះ មានកំពង់ផែចំនួន៣០ដែលមានសមត្ថភាពផ្ទុកកប៉ាល់ដឹកទំនិញធុនធំ។ រដ្ឋបាលបានឲ្យដឹងថា កំពង់ផែចំនួន៣របស់វៀតណាម គីនៅទីក្រុងហូជីមិញ ទីក្រុង Hai Phong និង Cai Mep-Thi Vai ស្ថិតក្នុងចំណោមកំពង់ផែកុងតឺន័រកំពូលទាំង៥០ នៅទូទាំងពិភពលោកដោយត្រូវបានកប៉ាល់ឆ្លងកាត់ ។
លោក Le Do Muoi នាយករដ្ឋបាលត្រូវបានដកស្រង់សម្តីបានលើកឡើងថា ការទទួលនាវាធំៗបានបង្កើនប្រសិទ្ធភាពប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន។ ប្រការនេះបានកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កំពង់ផែរបស់ប្រទេសវៀតណាម ដោយហេតុនេះវាបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងតំបន់ និងនៅក្នុងតំបន់ផងដែរ។
ប្រទេសវៀតណាម បានមើលឃើញនូវទំនិញជាង៤២៧,៦៤លានតោនដែលត្រូវបានដឹកជញ្ជូននៅកំពង់ផែក្នុងឆមាសទី១នៃឆ្នាំ២០២៤ ដោយបានកើនឡើង១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រសួងដឹកជញ្ជូនវៀតណាមបានឱ្យដឹងថា ទិន្នផលទំនិញរបស់ប្រទេសវៀតណាមតាមរយៈកំពង់ផែសមុទ្រត្រូវបានកំណត់ថា នឹងកើនឡើងដល់១,២ដល់១,៤ពាន់លានតោននៅឆ្នាំ២០៣០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា