បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ និងវីដេអូពីកន្លែងកើតហេតុបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានក្រឡាប់ធ្លាក់ចេញពីផ្លូវបន្ទាប់ពី បានបុកជាមួយរថយន្តដឹកទំនិញ មួយគ្រឿងនៅក្នុងតំបន់ Volgograd ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្បាលរថភ្លើងដឹកអ្នកដំណើរចំនួន ២០ទូ បានកំពុងធ្វើដំណើរពីទីក្រុង Kazan នៃសាធារណរដ្ឋ Tatarstan របស់ប្រទេសរុស្ស៊ីទៅកាន់ស្ថានីយ៍ Adler របស់ទីក្រុង Sochi នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។ អភិបាលតំបន់ Volgograd លោក Andrey Bocharov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរថភ្លើងចំនួន៩បានក្រឡាប់។ លោកបានបន្ថែមថា អ្នកដំណើរប្រហែល ៨១៣ នាក់នៅលើរថភ្លើងនោះ។
យោងតាមតួលេខផ្លូវការ មនុស្សសរុបចំនួន ៣០ នាក់ រួមទាំងកុមារ ១២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាងមួយរយនាក់ទៀតត្រូវបានគេនិយាយថា មានរបួសនិងស្នាមជាំ និង មិនទាន់មានរបាយការណ៍ ពីការស្លាប់ណាមួយកើតឡើងទេ។
អ្នកបើកបររថយន្តបានរួចជីវិត ប៉ុន្តែត្រូវគេរាយការណ៍ថា បានរងរបួសក្បាល និងជើងយ៉ាងធ្ងន់ធ្ងរ។
ផ្នែកផ្លូវដែករុស្ស៊ីបានអះអាងថា អ្នកបើកបររថយន្ត KAMAZ “បំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ” ហើយបានបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើង នៅពីមុខរថភ្លើងដែលជិតមកដល់ បើទោះបីជាមានសញ្ញាព្រមានក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា