នាពេលថ្មីៗកន្លងទៅនេះលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់នៅពេលផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះស្ថាប័នមជ្ឈិម និងរដ្ឋឱ្យសិក្សារៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចកសាងក្រុមសមាជិកបក្ស និងកម្មាភិបាលបក្សនៃស្ថាប័នមជ្ឈិម និងរដ្ឋថា ការសិក្សារៀនសូត្រនិងអនុវត្តឱ្យបានល្អនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយរបស់បក្សទាំងមូលនិងប្រទេសទាំងមូលនាពេលបច្ចុប្បន្ននិងមួយរយៈពេលនៅថ្ងៃខាងមុខ ស្ថាប័នមជ្ឈិមនិងរដ្ឋជា”ផ្លូវមុខ”នៃការអនុវត្តតាមសេចក្តីសម្រេចចិត្ត និងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដូច្នេះ ត្រូវធ្វើជាអ្នកនាំមុខនៃការសិក្សារៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី យើងត្រូវប្រកាន់ខ្ជាប់ និងពង្រឹងការដឹកនាំរបស់បក្សដោយគ្រប់ជ្រុងជ្រោយ និងការដឹកនាំជាឯកភាពរបស់មជ្ឈិមបក្សយល់ដឹង និងក្តាប់យ៉ាងជ្រាលជ្រៅនូវប្រធានបទ គោលការណ៍សំខាន់ៗ វិធានការសំខាន់ៗ និងការធានាពីឫសគល់នៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយត្រូវដើរនៅជួរមុខ និងធ្វើជាគំរូនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។
គណៈកម្មការការងារនៃស្ថាប័នមជ្ឈិម និងរដ្ឋត្រូវបំពេញភារកិច្ចដោយម្ចាស់ការ និងបំពេញតួនាទីរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងច្នៃប្រឌិតថ្មី ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តដើម្បីបង្ហាញពីការទទួលខុសត្រូវថ្មី និងតួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈកិច្ចកសាងក្រុមសមាជិកបក្សប្រកបដោយគុណភាពខ្ពស់ ៕