បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថាសហរដ្ឋអាមេរិក មានបំណងទទួលបានព័ត៌មានបន្ថែម ពីទីក្រុងគៀវអំពីការវាយប្រហារ របស់អ៊ុយក្រែនលើតំបន់ Kursk របស់រុស្ស៊ី។
ទាហានអ៊ុយក្រែនប្រហែល ១,០០០ នាក់ដែលគាំទ្រដោយពាសដែក បានបើកការវាយប្រហារឆ្លងព្រំដែន កាលពីព្រឹកថ្ងៃអង្គារ ដោយបានបាញ់ផ្លោងចូលក្នុងទីក្រុង Sudzhaហើយភ្លាមៗរដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការចោទប្រកាន់ទៅលើអ៊ុយក្រេនថា បានកំណត់គោលដៅជនស៊ីវិល ដោយមិនរើសមុខឡើយនៅទីនោះ។
ថ្លែងពាក់ព័ន្ធទៅនឹងបញ្ហានេះលោក Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា យើងមានបំណងទាក់ទងទៅដៃគូអ៊ុយក្រែន របស់យើងដើម្បីទទួលបានរូបភាពពេញលេញ នៃអ្វីដែលបានកើតឡើង។ លោកក៏បាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក លើការប្រើប្រាស់ប្រព័ន្ធសព្វាវុធដែលផ្តល់ ដោយអាមេរិករបស់អ៊ុយក្រែន មិនបានផ្លាស់ប្តូរតាមវិធីណាមួយឡើយ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់កម្រិត ជាផ្លូវការចំពោះទីក្រុងកៀវពីការប្រើប្រាស់អាវុធ និងឧបករណ៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែអ៊ុយក្រែនបានធ្វើដូច្នេះម្តងហើយម្តងទៀត។ កាលពីខែឧសភាឆ្នាំមុន Kirby បាននិយាយអំពីការខកចិត្ត របស់សហរដ្ឋអាមេរិកជាមួយនឹង រូបភាពនៃការដុតរថយន្តរបស់អាមេរិក ដែលបានលេចឡើងក្នុងអំឡុងពេលការ វាយឆ្មក់របស់អ៊ុយក្រែនលើតំបន់ Belgorod ៕
ប្រែសម្រួល៖ ស៊ុន លី
