បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ហាងលក់សំលៀកបំពាក់ម៉ាក Hugo Boss នឹងបើកឡើងវិញនៅក្នុងប្រទេសរុស្ស៊ី ក្នុងខែនេះឬក្នុងខែកញ្ញាបន្ទាប់ពីការ លក់ក្រុមហ៊ុនរបស់ពួកគេទៅឲ្យ ក្រុមហ៊ុនអ្នកលក់រាយ Stockmann ។
ប្រភពដដែលបានសរសេរតៀតថា ម៉ាកយីហោលោកខាងលិចផ្សេងទៀត ក៏កំពុងពង្រីកពាណិជ្ជសញ្ញារបស់ពួកគេ នៅក្នុងប្រទេសរុស្សីវិញផងដែរ ដោយសង្ឃឹមថានឹងត្រលប់មកការ ជួញដូរវិញក្នុងពេលឆាប់ៗនេះ។
យីហោHugo Boss បានចូលរួមក្នុងបញ្ជីនៃម៉ាកអាជីវកម្មសំខាន់ៗ ផ្សេងទៀតដើម្បីចាកចេញពីទីផ្សាររុស្ស៊ី ក្នុងឆ្នាំ ២០២២ បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញជម្លោះនៅអ៊ុយក្រែន។
ក្រុមហ៊ុនអាល្លឺម៉ង់ ក៏បានផ្អាកសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបញ្ឈប់ការផ្សាយពាណិជ្ជកម្ម នៅទីនោះផងដែរ។
គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍មុននេះថា ក្រុមហ៊ុនម៉ូដអាល្លឺម៉ង់នេះបានលក់ អាជីវកម្មរុស្ស៊ីរបស់ខ្លួនទៅឱ្យដៃគូលក់ដុំ Stockmann ក្នុងតម្លៃដែលមិនបានបង្ហាញ។
ភាគីទាំងពីរមិនបានបង្ហាញ ពីលក្ខខណ្ឌហិរញ្ញវត្ថុនៃ កិច្ចព្រមព្រៀងនោះទេហើយ ក្រុមហ៊ុនដែលចាកចេញពីប្រទេសរុស្ស៊ី គឺតម្រូវឱ្យលក់ទ្រព្យសកម្មរបស់ពួកគេ ដោយការបញ្ចុះតម្លៃ៥០ភាគរយ ខណៈពេលដែលត្រូវការការអនុញ្ញាត ពីរដ្ឋាភិបាលសម្រាប់ការលក់នេះ ហើយក៏តម្រូវឱ្យបង់ថ្លៃឱ្យរតនាគាររុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
