ព័ត៌មានអន្តរជាតិ

អាមេរិក និងអឺរ៉ុប បានបង្ហាញការព្រួយបារម្ភ ជុំវិញការគ្មានវត្តមានអ៊ីស្រាអ៊ែល នៅឯព្រឹត្តិការណ៍ ណាហ្គាសាគី A-bomb

Kyodo

វ៉ាស៊ីនតោន៖ បេសកជនរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានផ្ញើលិខិតមួយទៅកាន់ទីក្រុងណាហ្គាសាគី នៅពាក់កណ្តាលខែកក្កដា ដោយសម្តែងការព្រួយបារម្ភ ចំពោះទីក្រុងនេះ ដែលមិនអញ្ជើញអ៊ីស្រាអែល ឱ្យចូលរួមក្នុងពិធីសន្តិភាពរបស់ខ្លួនក្នុងថ្ងៃខួបនៃការទម្លាក់គ្រាប់បែកបរមាណូនៅឆ្នាំ១៩៤៥ ដោយសហរដ្ឋអាមេរិក ឯកសារនេះបានបង្ហាញកាលពីថ្ងៃពុធក្នុងនាមជាឯកអគ្គរដ្ឋទូតជាច្រើនត្រូវបានដកចេញពីព្រឹត្តិការណ៍។

លិខិតចុះថ្ងៃទី១៩ ខែកក្កដា និងបានផ្ញើមុនការសម្រេចចិត្តជាផ្លូវការរបស់ទីក្រុងណាហ្គាសាគី បានព្រមានថា ប្រសិនបើអ៊ីស្រាអែល ត្រូវបានដកចេញ “វានឹងក្លាយជាការលំបាក សម្រាប់ពួកយើងក្នុងការមានការចូលរួមកម្រិតខ្ពស់” នៅក្នុងព្រឹត្តិការណ៍នេះ។

បេសកជននៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានឲ្យដឹងថា វានឹងធ្វើឱ្យអ៊ីស្រាអែល ស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងប្រទេសដូចជារុស្ស៊ី និងបេឡារុស្ស ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីសម្រាប់ឆ្នាំទីបីជាប់ៗគ្នា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន Rahm Emanuel នឹងមិនចូលរួមក្នុងពិធីសន្តិភាពណាហ្គាសាគី ទៀតទេនៅថ្ងៃសុក្រ ដើម្បីឆ្លើយតបនឹងទីក្រុង ដែលមិនអញ្ជើញអ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសជប៉ុន លោកស្រី Julia Longbottom ក៏បានប្រកាសកាលពីថ្ងៃមុនថា លោកស្រីនឹងអវត្តមានពីពិធីនេះផងដែរ ដោយសារលោកស្រី មិនយល់ស្របនឹងការសម្រេចចិត្តរបស់ទីក្រុងភាគនិរតីនៃប្រទេសជប៉ុនមួយនេះក្នុងការមិនអញ្ជើញអ៊ីស្រាអែល។

អភិបាលក្រុងណាហ្គាសាគី លោក Shiro Suzuki បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដាថា ទីក្រុងបានសម្រេចចិត្តមិនដាក់បញ្ចូលអ៊ីស្រាអែល ដោយសារការភ័យខ្លាចថា ការតវ៉ាប្រឆាំងនឹងជម្លោះ ដែលកំពុងបន្តរបស់ប្រទេសនៅតំបន់ហ្គាហ្សា អាចប៉ះពាល់ដល់ភាពឧឡារិកនៃពិធីនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top