យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានឆ្លើយតបទៅកាន់អ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងបញ្ជូនគណៈប្រតិភូ ទៅបន្តការចរចាលើកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅថ្ងៃទី១៥ ខែសីហា។
ការិយាល័យរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចា នឹងត្រូវបានបញ្ជូន ដើម្បីបញ្ចប់ព័ត៌មានលម្អិត សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកសម្រុះសម្រួលនៃប្រទេសទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមដោយ អំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ចាប់ផ្តើមកិច្ចចរចាឡើងវិញនៅថ្ងៃទី១៥ ខែសីហា ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ ទាំងអស់នៅក្នុងកិច្ចព្រមព្រៀង ដែលបានស្នើឡើង ហើយចាប់ផ្តើមអនុវត្តវាដោយ គ្មានការពន្យាពេលបន្ថែមទៀត។
តំបន់មជ្ឈិមបូព៌ា បាននិងកំពុងត្រៀមខ្លួនសម្រាប់ការ បង្កើនភាពតានតឹងចំពេលប្រទេសអ៊ីរ៉ង់ និងការគំរាមកំហែងរបស់សម្ព័ន្ធមិត្ត របស់ខ្លួនក្នុងការសងសឹក ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសបូឡាកាលពីសប្តាហ៍មុន។
ខណៈពេលដែលអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយប្រហារសងសឹក ដែលពួកគេចាត់ទុកថា ជិតមកដល់នោះ ការភ័យខ្លាច ចំពោះការផ្ទុះឡើងនៃជម្លោះហ្គាហ្សា បានជំរុញឱ្យប្រទេសជាច្រើននៅក្នុងតំបន់ និងលើសពីនេះ ឱ្យលុបចោលជើងហោះហើរ និងធ្វើបច្ចុប្បន្នភាពការណែនាំអំពី ការធ្វើដំណើរទាក់ទងនឹងប្រទេសទាំងនោះ នៅក្នុងកង្វល់នៃភាពតានតឹងក្នុងតំបន់។
អ្នកជំនាញបានជឿជាក់ថា ការកើនឡើងនៃភាពតានតឹងនឹង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កិច្ចខិតខំប្រឹងប្រែងពីមុន ដើម្បីលើកកម្ពស់សន្តិភាពក្នុងតំបន់ កាត់បន្ថយឱកាសនៃបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា និងទម្លាក់តំបន់មជ្ឈិមបូព៌ាទៅក្នុងគ្រោះថ្នាក់ ពិតប្រាកដនៃជម្លោះទ្រង់ទ្រាយធំ។
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនបានឲ្យដឹងថា ភាគីពាក់ព័ន្ធគួរតែបញ្ឈប់សកម្មភាពញុះញង់ណាមួយ ហើយធ្វើការរួមគ្នា ដើម្បីកាត់បន្ថយការកើនឡើង ដើម្បីទាញតំបន់នេះឱ្យត្រលប់មកវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
