បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានចេញផ្សាយថា ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យបានថ្កោលទោស យ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើសាលារៀនមួយ ដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួន នៅក្នុងទីក្រុងហ្គាហ្សា។
ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារលើសាលារៀន ដែលមានមនុស្សច្រើនកកកុញ ផ្តល់ជម្រកដល់ជនភៀសខ្លួន ជាពិសេសនៅពេលដែលពួកគេកំពុង ធ្វើពិធីបួងសួងពេលព្រឹក គឺជាទង្វើដ៏គួរឱ្យរន្ធត់ អមនុស្សធម៌ និងកំសាកបំផុត។
សេចក្តីថ្លែងការណ៍បាននិយាយថា ការកំណត់គោលដៅមិនរើសមុខនៃប្រជាជនស៊ីវិល និងសម្ភារៈបរិក្ខារគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ និងបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមហើយអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងការប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។
យោងតាមក្រសួងបាននិយាយថា៖ យើងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងអ្នកគាំទ្រអ៊ីស្រាអែល ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចប់ ការប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា និងការពារប្រជាជនហ្គាហ្សា។
ប្រភពចេញពីក្រសួងសុខាភិបាល ប៉ាឡេស្ទីនបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ យន្តហោះចម្បាំងអ៊ីស្រាអែល បានកំណត់គោលដៅសាលារៀន Al-Taba’een ក្នុងសង្កាត់ Al-Daraj កណ្តាលទីក្រុងហ្គាហ្សាដោយ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០នាក់ និងរាប់សិបនាក់ទៀតរងរបួស៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
