ដាកា៖ តុលាការនៅក្នុងប្រទេសបង់ក្លាដេស បានបើកការស៊ើបអង្កេតរឿងឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញ លោកស្រី Sheikh Hasina និងឥស្សរជនកំពូលចំនួន៦រូបទៀត នៅក្នុងរដ្ឋបាលរបស់លោកស្រី នៅថ្ងៃអង្គារនេះ ជុំវិញការបាញ់សម្លាប់របស់ប៉ូលិសម្នាក់ ក្នុងអំឡុងពេលមានភាពចលាចល បង្កដោយជនស៊ីវិលកាលពីខែមុន ។
លោកស្រី Hasina វ័យ៧៦ឆ្នាំបានភៀសខ្លួន ដោយឧទ្ធម្ភាគចក្រទៅកាន់ប្រទេសជិតខាង នៃប្រទេសឥណ្ឌាកាលពីមួយសប្តាហ៍មុន ជាកន្លែងដែលលោកស្រីបានស្នាក់នៅ ខណៈដែលក្រុមបាតុករបានប្រមូលផ្តុំគ្នា យ៉ាងកកកុញនៅតាមដងផ្លូវនាទីក្រុងដាកា ដើម្បីបញ្ចប់ចំពោះការកាន់កាប់ ដោយកណ្តាប់ដៃដែករបស់លោកស្រី ។
មនុស្សប្រមាណជាង៤៥០នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលសប្តាហ៍ នៃភាពចលាចលដែលនាំទៅរក ការផ្តួលរំលំលោកស្រីរូបនេះតែម្តង ។
លោក Mamun Mia មេធាវីដែលបាននាំយកករណីនេះ ក្នុងនាមប្រជាពលរដ្ឋឯកជនម្នាក់បានលើកឡើងថា “សំណុំរឿងមួយនេះត្រូវបានប្តឹងលោកស្រី Sheikh Hasina និង៦នាក់បន្ថែមទៀត” ។
លោកបានលើកឡើងទៀតថា តុលាការក្រុង ដាកា បានបញ្ជាឱ្យប៉ូលិសទទួលយក “សំណុំរឿងឃាតកម្មលើជនជាប់ចោទ” ដែលជាជំហានដំបូងក្នុងការស៊ើបអង្កេត ឧក្រិដ្ឋកម្មស្ថិតក្រោមច្បាប់បង់ក្លាដេស ។
ការប្តឹងរបស់លោក Mia ទៅកាន់តុលាការក៏បានហៅ ឈ្មោះអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Hasina Asaduzzaman Khan និង Obaidul Quader ដែលជាអគ្គលេខាធិការគណបក្ស Awami League របស់លោកស្រី Hasina ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា