ព័ត៌មានអន្តរជាតិ

សភាតំណាងរាស្រ្តរបស់ប្រទេសថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញដីកាបង្គាប់បណ្តេញ លោក សេដ្ឋា ថាវីស៊ីន

Bangkok Post

បរទេស៖ សភាតំណាងរាស្រ្តរបស់ប្រទេសថៃ គឺនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឱ្យបណ្តេញ លោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានផ្ញើសេចក្តីជូនដំណឹងដល់សមាជិកសភាទាំងអស់កាលពីល្ងាចថ្ងៃពុធ ដោយអំពាវនាវកោះប្រជុំនៅម៉ោង ១០ ព្រឹកថ្ងៃសុក្រ ។ នេះបើតាមលោក Arpath Sukhanunth អគ្គលេខាធិការសភាបាននិយាយ។

លោក Wisuth Chainarun ប្រធានផ្នែកវិន័យរបស់រដ្ឋាភិបាលមកពីគណបក្សភឿថៃ បាននិយាយថា តំណាងមកពីរដ្ឋាភិបាល និងគណបក្សប្រឆាំង និងគណៈរដ្ឋមន្ត្រីចាំផ្ទះបានយល់ស្របថា ការបោះឆ្នោតគួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាបេក្ខជននាយករដ្ឋមន្ត្រី។

លោក Wisuth បាននិយាយថា “មេដឹកនាំគណបក្សចម្រុះនឹងមានការពិភាក្សាផ្ទៃក្នុងលើបេក្ខជននៅក្នុងគណបក្សរបស់ពួកគេ”។

បេក្ខជនដែលមានសិទ្ធិត្រូវតែមកពីបញ្ជីដែលគណបក្សបានដាក់មុនការបោះឆ្នោតសកលខែឧសភា ឆ្នាំ២០២៣។ ដោយលោក សេដ្ឋា ថាវីស៊ីន គឺមិនជាប់ពាក់ព័ន្ធនោះទេ ដោយគណបក្សភឿថៃដែលជាមេដឹកនាំចម្រុះមានជម្រើសពីរដែលនៅសេសសល់គឺមេដឹកនាំគណបក្ស លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និង លោក ឆៃកាសឹម នីតិសិរី (Chaikasem Nitisiri)។

ប្រភពពីគណបក្សដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោក ឆៃកាសឹម អាយុ ៧៥ ឆ្នាំត្រូវបានគេនិយាយថាមានសុខភាពមិនល្អ ខណៈដែលអនាគតរបស់លោកស្រី ផែតងតាន អាយុ ៣៧ ឆ្នាំ គឺអាស្រ័យលើការសម្រេចចិត្តរបស់គ្រួសារលោកស្រី ខណៈដែលលោកស្រីនឹងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងខ្លាំង។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលបានយល់ព្រមដាក់ឈ្មោះលោក ឆៃកាសឹម បន្ទាប់ពីកិច្ចពិភាក្សាកាលពីយប់ថ្ងៃពុធជាមួយអតីតនាយករដ្ឋមន្ត្រី និងបុព្វបុរសរបស់បក្សភឿថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានៅផ្ទះរបស់លោក៕

To Top