ព័ត៌មានអន្តរជាតិ

WHO ប្រកាសអាសន្នពី មេរោគបង្កជំងឺអុតស្វា កំពុងផ្ទុះយ៉ាងខ្លាំងរាលដាល ទូទាំងពិភពលោក

AFP

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានប្រកាសកាលពីថ្ងៃពុធថា មេរោគបង្កជំងឺអុតស្វា រឺនៅកាត់ថា mpox ស្ថិតក្នុងគ្រាអាសន្នដល់សុខភាពសាធារណៈ ដែលជាការព្រួយបារម្ភជាអន្តរជាតិ រឺហៅថា (PHEIC) ដែលបានបន្លឺសំឡេងរោទិ៍ អំពីសក្តានុពលរបស់មេរោគ ដែលចម្លងជំងឺជាអន្តរជាតិបន្ថែមទៀត ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភព បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា “ថ្ងៃនេះ គណៈកម្មាធិការសង្គ្រោះបន្ទាន់បានជួប និងណែនាំខ្ញុំថា តាមទស្សនៈរបស់ខ្លួន ស្ថានភាពនេះបង្កើតជាភាពអាសន្ន ដល់សុខភាពសាធារណៈ ដែលជាការព្រួយបារម្ភជាអន្តរជាតិ ។ ខ្ញុំបានទទួលយកដំបូន្មាននោះ” ។

លោក Tedros បាននិយាយថា PHEIC គឺជាកម្រិតសំឡេងរោទិ៍ខ្ពស់បំផុតដែលស្ថិតនៅក្រោមច្បាប់សុខភាពអន្តរជាតិ ។ “នេះគឺជាអ្វីដែលគួរឲ្យព្រួយបារម្ភដល់យើងទាំងអស់គ្នា… សក្តានុពលសម្រាប់ការរីករាលដាល បន្ថែមទៀតនៅក្នុងទ្វីបអាហ្រ្វិក ហើយលើសពីនេះ គឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់” ។

បើយោងតាមទិន្នន័យរបស់អង្គការ WHO បានបង្ហាញឲ្យដឹងថា ករណីជំងឺ Mpox ដែលបានរាយការណ៍គិតមកដល់ពេលនេះ បានកើនឡើងលើសពីចំនួនសរុបដោយកាលពីឆ្នាំមុន ដែលមានជាង ១៤.០០០ករណី និងមានអ្នកស្លាប់ចំនួន៥២៤នាក់ ។

សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក បានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺប្រចាំនៅអាហ្វ្រិក រឺហៅថា (CDC) របស់អាហ្វ្រិកបានប្រកាសថា ការផ្ទុះឡើងនៃមេរោគ បង្កជំងឺ mpox ដែលកំពុងកើតមានជាភាពអាសន្ន ផ្នែកសុខភាពសាធារណៈសម្រាប់ទ្វីបយើងនេះ។

លោក Tedros បានថ្លែងនៅក្នុងសុន្ទរកថា បើករបស់គាត់នៅឯកិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់ថា “យើងមិនត្រឹមតែដោះស្រាយជាមួយនឹង ការផ្ទុះមួយនៃជំងឺនេះតែមួយមុខនោះទេ  យើងកំពុងដោះស្រាយជាមួយនឹងការផ្ទុះជាច្រើន នៃការឆ្លងជំងឺប្រភេទនេះផ្សេងគ្នា នៅក្នុងប្រទេសផ្សេងគ្នាផងដែរ ជាមួយនឹងរបៀបនៃការឆ្លងរាលផ្សេងគ្នា និងកម្រិតនៃហានិភ័យផ្សេងគ្នាផងដែរ”  ។

សហភាពអឺរ៉ុបបានប្រកាសអំពីផែនការទិញ និងបរិច្ចាគវ៉ាក់សាំងឈ្មោះថា MVA-BN ចំនួន១៧៥.៤២០កម្រិតទៅកាន់ទ្វីបអាហ្រ្វិក ដូចដែលបានបង្ហាញដោយអាជ្ញាធរបម្រុង និងឆ្លើយតបគ្រោះអាសន្នសុខភាព របស់គណៈកម្មការអឺរ៉ុប ហៅកាត់ថា (HERA) កាលពីថ្ងៃពុធ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនជីវបច្ចេកវិទ្យាដែលមានមូលដ្ឋាន នៅក្នុងប្រទេសដាណឺម៉ាក ឈ្មោះថា Bavarian Nordic នឹងបរិច្ចាគវ៉ាក់សាំងចំនួន៤០.០០០កម្រិតដល់HERA ទៀតផង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top