បរទេស៖ ឧទ្ធម្ភាគចក្រប្រភេទ Mi-8 បានបាត់ខ្លួននៅឧបទ្វីប Kamchatka ដោយមានអ្នកដំណើរចំនួន ១៩នាក់ និងសមាជិកនាវិក ៣នាក់ ផ្សេងទៀតនៅលើឧទ្ធម្ភាគចក្រនោះ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឆ្លើយតបគ្រាអាសន្នក្នុងតំបន់បាននិយាយនៅថ្ងៃទី៣១ ខែសីហាថា ឧទ្ធម្ភាគចក្រ Mi-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Vityaz-Aero មិនបានទៅដល់កន្លែងចុះចតទេ។ យន្តហោះ Mi-8 បានហោះចេញពីតំបន់ភ្នំភ្លើង Vachkazhets ទៅកាន់ភូមិ Nikolaevka ស្រុក Yelizovsky ដែលមានចម្ងាយហោះហើរ ២៥គីឡូម៉ែត្រ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ឧទ្ធម្ភាគចក្រ Mi-8 បានចាកចេញនៅម៉ោង ៤:១០នាទី រសៀល ហើយ បានបាត់ទំនាក់ទំនង និងបាត់ពីអេក្រង់រ៉ាដា រយៈពេលប្រាំនាទីក្រោយមក។
មេដឹកនាំតំបន់ Kamchatka លោក Vladimir Solodov បានប្រកាសកាលពីថ្ងៃទី៣១ ខែសីហាថា មានមនុស្ស ២២នាក់ នៅលើយន្តហោះ រួមទាំងនាវិក៣នាក់ និងអ្នកដំណើរ ១៩នាក់។
អាកាសចរណ៍ Vityaz-Aero បានបញ្ជូនយន្តហោះស្វែងរក Mi-8 ដែលបាត់នោះ។ ក្រុមជួយសង្គ្រោះដែលមានមនុស្ស ៥នាក់ និងឧបករណ៍រុករកនៅលើដីចំនួន ៤ គ្រឿងបានចេញដំណើរទៅកាន់ភ្នំភ្លើង Vachkazhets ។ សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា វាមិនអាចទៅរួចទេក្នុងការដាក់ពង្រាយយន្តហោះដើម្បីស្វែងរក Mi-8 ដែលបាត់ ដោយសារតែអ័ព្ទក្រាស់ និងព្យុះកំពុងខិតជិតមកដល់៕
ប្រែសម្រួលៈ ណៃ តុលា