បរទេស ៖ ជនរងគ្រោះបួននាក់ដំបូង ត្រូវបានជួយសង្គ្រោះ ខណៈដែលយ៉ាងហោចណាស់ ១៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយ បានបាក់នៅខេត្ត Phu Tho ភាគខាងជើងកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យរថយន្តជាច្រើនគ្រឿង ធ្លាក់ចូលទៅក្នុងទន្លេក្រហម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ពាន Phong Chau ដែលលាតសន្ធឹងលើដងទន្លេក្រហម តាមបណ្តោយផ្លូវជាតិលេខ 32C បានបាក់នៅម៉ោងប្រហែល ១០ព្រឹក ដោយកាត់ផ្តាច់ទំនាក់ទំនងរវាងស្រុក Lam Thao និង Tam Nong ឆ្លងកាត់ស្ពាននេះ។
ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Ho Duc Phoc ដែលបានទៅដល់កន្លែងដើម្បីណែនាំការងារជួយសង្គ្រោះ បាននិយាយថា ការស៊ើបអង្កេតដំបូង បានរកឃើញរថយន្តប្រហែល ១០គ្រឿង និងម៉ូតូពីរគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ ហើយមនុស្ស ១៣ នាក់បានបាត់ខ្លួន។ លោក បានបន្ថែមថា តួលេខនេះនឹងត្រូវធ្វើបច្ចុប្បន្នភាព បន្ថែមទៀត។
លោក Ho Duc Phoc បាននិយាយថា អាជ្ញាធរកំពុងពិចារណាជម្រើសនៃការសាងសង់ស្ពាន Pontoon នៅទីតាំងនេះ ដើម្បីធានាលំហូរចរាចរណ៍ និងរឹតបន្តឹងចរាចរណ៍ផ្លូវទឹក មុនពេលពិភាក្សាអំពីការសាងសង់ស្ពានថ្មីមួយ។
យោងតាមតំណាងមកពីមណ្ឌលបានឲ្យដឹងថា ជនរងគ្រោះបីនាក់ក្នុងចំណោមជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មណ្ឌលពេទ្យ Tam Nong ក្នុងខេត្ត។ អ្នកតំណាងរូបនេះបាននិយាយថា “ចំនួនជនរងគ្រោះត្រូវបានគេរំពឹងថានឹងកើនឡើង” ដោយកត់សម្គាល់ថារថយន្តសង្គ្រោះបន្ទាន់ និងបុគ្គលិកពេទ្យត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ៕
ប្រែសម្រួលៈ ណៃ តុលា
