បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកលោកស្រី Victoria Nuland បាននិយាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ្នកគាំទ្រអ៊ុយក្រែនផ្សេងទៀតបានប្រាប់ទីក្រុង ទីក្រុងគៀវក្នុងការបដិសេធកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ជាមួយប្រទេសរុស្ស៊ីពិតមែន។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី Mikhail Zygar អតីតនិពន្ធនាយកនៃបណ្តាញព័ត៌មានសេរី Dozhd ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Nuland ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថាដំណើរការសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ នៅចុងខែមីនា និងដើមខែមេសា ឆ្នាំ២០២២ បានដួលរលំ។
គេសង្កេតឃើញថាកិច្ចព្រមព្រៀងនេះត្រូវបានបោះបង់បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានធ្វើដំណើរទៅអ៊ុយក្រែន ហើយបានប្រាប់លោក Vladimir Zelensky ឱ្យបន្តប្រយុទ្ធជាមួយនឹងរុស្សីទៅវិញ។
អតីតអ្នកការទូតរូបនេះបានពន្យល់ថា កិច្ចព្រមព្រៀងដែលបានស្នើឡើងរួមមានដែនកំណត់លើប្រភេទសព្វាវុធដែលក្រុងគៀវអាចមាន ដែលជាលទ្ធផលដែលអ៊ុយក្រែន នឹងត្រូវបានបន្សាបជាមូលដ្ឋានក្នុងឋានៈជាកម្លាំងយោធាបែបអព្យាក្រិត ដែលវានឹងមិនអាចក្លាយទៅជាឧបសគ្គខ្លាំងទៅដល់ប្រទេសរុស្ស៊ីនោះឡើយ។
គួរឲ្យដឹងដែរថាមន្ត្រីការទូតជើងចាស់ រូបនេះដែលក្នុងអំឡុងពេលរបស់នាងនៅក្នុងក្រសួងការបរទេសមានភាពល្បីល្បាញដោយសារសមត្ថភាពធ្វើការរបស់គាត់ចំពោះប្រទេសរុស្ស៊ីប៉ុន្តែលោកស្រីបានប្រកាសលាឈប់ពីតំណែងជាអនុរដ្ឋលេខាធិការសម្រាប់កិច្ចការនយោបាយនៅក្នុងខែមីនាឆ្នាំនេះមកហើយ៕
ប្រែសម្រួល៖ស៊ុនលី