ហ្សឺណែវ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់លោកនៅឯសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Turk បានសង្កត់ធ្ងន់ថា “ការបញ្ចប់សង្រ្គាមនោះ និងបញ្ចៀសជម្លោះក្នុងតំបន់ពេញលេញ គឺជាអាទិភាពដាច់ខាត និងបន្ទាន់” ។
លោកបានបន្តការរិះគន់អ៊ីស្រាអែល នៅក្រុមប្រឹក្សាសិទ្ធិមនុស្សចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ដោយកត់សម្គាល់ថា ភាពខុសច្បាប់កាន់តែទូលំទូលាយនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយផ្តើមចេញពីគោលនយោបាយ និងសកម្មភាពរបស់អ៊ីស្រាអែល ដូចដែលបានគូសបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិ ត្រូវតែដោះស្រាយឱ្យបានហ្មត់ចត់។
លោកបានគូសបញ្ជាក់ពីផលប៉ះពាល់ដ៏អាក្រក់ទៅលើប្រជាជនប៉ាឡេស្ទីន ដោយរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ និងរាប់ពាន់នាក់ទៀតរងរបួស និងជាច្រើននាក់ទៀតនៅតែជាប់នៅក្រោមគំនរបាក់បែកនៅតំបន់ហ្គាហ្សា។
លោកក៏បានសង្កត់ធ្ងន់លើការតស៊ូប្រចាំថ្ងៃរបស់ពួកគេ សម្រាប់ការរស់រានមានជីវិតដោយចង្អុលបង្ហាញថា ប្រជាជនប៉ាឡេស្ទីនជិត ១,៩ លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំជាច្រើនដងនៅទូទាំងតំបន់ហ្គាហ្សា។
នៅតំបន់ West Bank លោកបានបន្ថែមថា ប្រតិបត្តិការដ៏សាហាវ និងបំផ្លិចបំផ្លាញ ជាមួយនឹងមួយចំនួនក្នុងកម្រិតមួយ ដែលមិនត្រូវបានគេមើលឃើញក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ” កំពុងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ដែលត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយអំពើហិង្សាប្រដាប់អាវុធ”៕
ប្រែសម្រួល ឈូក បូរ៉ា