ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ជួបជាមួយ លោក គីម ជុងអ៊ុន នៅទឹកដីកូរ៉េខាងជើង

Yonhab

ម៉ូស្គូ៖ នៅថ្ងៃសុក្រនេះ លោក Sergei Shoigu ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ក្រុងម៉ូស្គូបានឲ្យដឹងថា នៅប៉ុន្មានសប្តាហ៍បន្ទាប់ពីវិមានក្រឹមឡាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារជាតិជាមួយទីក្រុងព្យុងយ៉ាង ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅគ្រាដែលក្រុងម៉ូស្គូ កំពុងស្វែងរកគ្រាប់រំសេវដើម្បីបន្តការវាយលុក រយៈពេលជាង ៣០ខែរបស់ខ្លួននៅអ៊ុយក្រែន និងខណៈលោកខាងលិច បានចោទប្រកាន់ក្រុងព្យុងយ៉ាង ថា បានបញ្ជូនអាវុធទៅឲ្យក្រុងម៉ូស្គូ ។

គួររំលឹកថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង នៅក្នុងខែមិថុនា ហើយបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក ជាមួយរដ្ឋផ្តាច់មុខមួយនេះ ។

ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា “កិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាង បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏គួរឱ្យទុកចិត្ត និងមិត្តភាព ស្របតាមកិច្ចព្រមព្រៀងដែលមេដឹកនាំ នៃប្រទេសទាំង២ សម្រេចបាននៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ​ របស់ប្រធានាធិបតី វ្លាឌីមៀ ពូទីន” ។

ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានឲ្យដឹងថា កិច្ចប្រជុំរបស់លោក Shoigu ជាមួយលោក គីម  នឹង “រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត”  នៃកិច្ចព្រមព្រៀងការពារជាតិ ។

គេបានដឹងថា លោក Shoigu បានចូលបម្រើការជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រហូតដល់ខែឧសភា ។

ប្រទេសលោកខាងលិច និងប្រទេសកូរ៉េខាងត្បូង បានរិះគន់កតិកាសញ្ញារុស្ស៊ី និងកូរ៉េខាងជើង ហើយអ៊ុយក្រែនបានលើកឡើងថា ខ្លួនបានរកឃើញគ្រាប់ផ្លោងរបស់ កូរ៉េខាងជើងនៅលើសមរភូមិ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top