បរទេស៖ រដ្ឋាភិបាលយោធា របស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើង ដល់យ៉ាងហោចណាស់ ១១៣ នាក់គិតត្រឹមល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយព្យុះទីហ្វុង Yagi ដែលបានបង្កការបំផ្លិចបំផ្លាញ នៅទូទាំង ផ្នែករបស់ប្រទេស។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Zaw Min Tun បាននិយាយថា យ៉ាងហោចណាស់ មនុស្ស ៣២០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ និង ៦៤នាក់ ទៀតកំពុងបាត់ខ្លួន នេះបើយោងតាមព្រឹត្តិបត្រ ព័ត៌មានកាលពីយប់មិញនៅលើកញ្ចក់ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋ។ លោកបានបន្តថា៖ «រដ្ឋាភិបាលកំពុងធ្វើបេសកកម្មសង្គ្រោះ និងស្តារឡើងវិញ» ។
អាកាសធាតុអាក្រក់ពីព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងបំផុតដែលវាយលុកនៅអាស៊ីក្នុងឆ្នាំនេះ បានសម្លាប់មនុស្សរាប់រយនាក់ក្នុងប្រទេសវៀតណាម និងប្រទេសថៃ ហើយទឹកដែលហូរហៀរចេញពីទន្លេ ដែលហក់ឡើងបានជន់លិច ទីក្រុងនៅក្នុងប្រទេសទាំងពីរ។
ទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយមានមនុស្សយ៉ាងហោចណាស់ ៧៤នាក់បានស្លាប់នៅថ្ងៃសុក្រនេះ ដោយផ្អែកលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីមានរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ហើយអំពើហិង្សាបានលេបត្របាក់តំបន់មួយចំនួនធំនៃប្រទេស។
ការិយាល័យអង្គការ សហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ភ្លៀងធ្លាក់របស់ព្យុះនេះ ភាគច្រើនបានប៉ះពាល់ដល់រដ្ឋធានី Naypyitaw ក៏ដូចជាតំបន់ Mandalay, Magway និង Bago រួមជាមួយនឹងរដ្ឋ Shan ភាគខាងកើត និងភាគខាងត្បូង រដ្ឋ Mon, Kayah និង Kayin ។
OCHA បាននិយាយថា «ភាគកណ្តាលមីយ៉ាន់ម៉ាបច្ចុប្បន្នជាតំបន់រងគ្រោះខ្លាំងបំផុត ដោយមានទន្លេ និងព្រែកជាច្រើនហូរចុះពីភ្នំសាន» ។
ប្រហែលមួយភាគបី នៃប្រជាជន ៥៥ លាននាក់របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវការជំនួយមនុស្សធម៌ ប៉ុន្តែទីភ្នាក់ងារជំនួយជាច្រើន ដូចជាគណៈកម្មាធិការ អន្តរជាតិនៃកាកបាទក្រហម មិនអាចដំណើរការនៅក្នុងតំបន់ជាច្រើនបានទេ ដោយសារការរឹតត្បិតសិទ្ធិចូលប្រើប្រាស់ និងហានិភ័យសន្តិសុខ៕
ប្រែសម្រួលៈ ណៃ តុលា