ព័ត៌មានអន្តរជាតិ

ហូឡង់ ផ្តល់ប្រាក់ចំនួន ៤០០លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែន ក្នុងការអភិវឌ្ឍយន្តហោះដ្រូន

AFP

ហូឡង់៖ ក្រសួងការពារជាតិរបស់ ប្រទេសហូឡង់បានប្រកាសថា ប្រទេសហូឡង់ នឹងផ្តល់ប្រាក់ចំនួន ៤០០ លានអឺរ៉ូ (ប្រហែល ៤៤០ លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែន ក្នុងការអភិវឌ្ឍយន្តហោះដ្រូន។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហូឡង់ និងអ៊ុយក្រែន នឹងសហការគ្នាដើម្បីបង្កើត យន្តហោះដ្រូនកម្រិតខ្ពស់ និងពន្លឿនការផលិតយន្ដហោះដ្រូនគំរូ ដែលទទួលបានជោគជ័យ ហើយជិតពាក់កណ្តាលនៃផលិតកម្មនេះ នឹងប្រព្រឹត្តទៅនៅប្រទេសហូឡង់”។

រដ្ឋមន្ត្រីការពារជាតិហូឡង់លោក Ruben Brekelmans បានធ្វើសេចក្តីប្រកាសនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងខាគៀវ នៅភាគឦសានប្រទេសអ៊ុយក្រែន។

លោក Brekelmans ត្រូវបានដកស្រង់សម្តីនៅក្នុង សេចក្តីថ្លែងការណ៍ថា “យើងកំពុងវិនិយោគ ៤០០លានអឺរ៉ូនៅក្នុងផែនការសកម្មភាព សម្រាប់យន្តហោះដ្រូន ដែលនឹងផ្តោតលើប្រភេទផ្សេងៗ នៃយន្តហោះដ្រូនកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង សម្រាប់បេសកកម្មឈ្លបយកការណ៍ ការការពារ និងការវាយប្រហារ ហើយយន្ដហោះដ្រូនទាំងនេះនឹងត្រូវបាន ប្រើជាចម្បងនៅលើអាកាស ក៏ដូចជានៅលើគោក និងនៅលើសមុទ្រផងដែរ”។

បន្ថែមពីលើផែនការអភិវឌ្ឍន៍ យន្តហោះគ្មានមនុស្សបើក លោក Brekelmans បានឲ្យដឹងថា ហូឡង់បានផ្តល់ជំនួយយោធាចំនួន ៣,៧៦ពាន់លានអឺរ៉ូដល់អ៊ុយក្រែន រហូតមកដល់ពេលនេះ។

លោកក៏បានបញ្ជាក់ផងដែរថា យន្តហោះចម្បាំង F-16 ចំនួន ២៤គ្រឿងដែលបានសន្យាដំបូងរបស់ហូឡង់ ត្រូវបានបញ្ជូនទៅអ៊ុយក្រែនហើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top