ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ តាមអាកាសលើលីបង់ បណ្ដាលឲ្យស្លាប់ និងរបួសជិត ២០០នាក់

Xinhua

បេរូត៖ ក្រសួង​សុខាភិបាល​លីបង់​ បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ ដោយ​ការ​វាយ​ប្រហារ​ តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​តំបន់​ផ្សេងៗ​ ក្នុង​ប្រទេស​លីបង់​ ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​មក​បាន​កើន​ដល់ ៣៦ នាក់ ខណៈ​អ្នក​របួស​មាន​ដល់ ១៥០ នាក់​។

ប្រភពបានឲ្យដឹងថាមនុស្ស ៦នាក់ បានស្លាប់និង ៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ Bekaa ខណៈដែលនៅក្នុង ខេត្ត Nabatieh មានអ្នកស្លាប់ចំនួន ៣០នាក់និងរបួស ១២១នាក់។

ក្រសួង​បាន​បន្ថែម​ថា មនុស្ស​២០​នាក់​ បាន​រង​របួស​នៅ​ភ្នំ​លីបង់ ខណៈ​មនុស្ស​ម្នាក់​រង​របួស​នៅ​ស្រុក Baalbek Hermel នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសលីបង់ ចាប់តាំងពីការចាប់ផ្តើម នៃការវាយប្រហារ របស់អ៊ីស្រាអែលមានលើសពី ២,១០០នាក់ ជាមួយនឹងមនុស្សជាង ១ម៉ឺននាក់បានរងរបួស នេះបើយោងតាមអាជ្ញាធរលីបង់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top