ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលថ្មីជប៉ុន យល់ស្របជាមួយចិន ក្នុងការកសាង ទំនាក់ទំនងស្ថិរភាព

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបតែងតាំងថ្មីលោក Takeshi Iwaya និងសមភាគីចិនលោក វ៉ាង យី បានព្រមព្រៀងគ្នាថា ប្រជាជាតិទាំងពីរនឹង កសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពក្នុងអំឡុងពេលកិច្ច ពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងរបស់ពួកគេ នេះបើយោងតាមក្រសួង ការបរទេសជប៉ុន។

ខណៈពេលដែលលោក Iwaya និងលោក វ៉ាង យី បានពិភាក្សាអំពីវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយបានយល់ព្រមបន្តការសន្ទនាឆ្ពោះ ទៅរកគោលដៅនោះ ទំនាក់ទំនងរវាងប្រទេសជិត ខាងទាំងពីរ នៅតែមានភាពតានតឹងលើ បញ្ហាមួយចំនួន។

ក្នុង​ចំណោម​ឧប្បត្តិហេតុ​ថ្មីៗ ដែល​បាន​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ យន្តហោះ​ចារកម្ម​ចិន​បាន​រំលោភ​ដែន​អាកាស​របស់​ជប៉ុន​នៅ​ជិត​កោះ​ក្នុង​ខេត្ត​ណាហ្គាសាគី ភាគ​និរតី​ប្រទេសកាល​ពី​ចុង​ខែ​សីហា។

ដោយបង្ហាញពី “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” របស់ប្រទេសជប៉ុន ចំពោះសកម្មភាពយោធាកាន់តែខ្លាំង របស់ចិននៅជុំវិញប្រទេស នោះ លោក Iwaya បានស្នើសុំការពន្យល់យ៉ាងម៉ត់ចត់ពីទីក្រុងប៉េកាំង ទាក់ទងនឹងការរំលោភ ដែនអាកាស។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារយៈពេល ៤៥នាទីរបស់ពួកគេលោក Iwaya បានប្រាប់លោក វ៉ាង យី ថារដ្ឋាភិបាលជប៉ុន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការវិវត្តជុំវិញកោះតៃវ៉ាន់ ហើយបានរំលឹកឡើងវិញពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ចំពោះសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការរបស់ប្រទេសចិនបានរាយការណ៍ថា លោក វ៉ាង យី បានសម្តែងក្តីសង្ឃឹមថា “ប្រទេសជប៉ុន នឹងគោរពការប្តេជ្ញាចិត្តនយោបាយ របស់ខ្លួនលើសំណួរតៃវ៉ាន់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top