ព័ត៌មានអន្តរជាតិ

Update: ព្យុះសង្ឃរា Milton បានបង្កើតជាខ្យល់គួច ១៩ផ្សេងទៀត នៅរដ្ឋផ្លរីដា និងបំផ្លាញផ្ទះជាច្រើនខ្នង

AFP

បរទេស ៖ ខ្យល់សង្ឃរា Milton បានធ្វើដំណើរឆ្លង កាត់កណ្តាលរដ្ឋ Florida នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបោកបក់ នៅឆ្នេរសមុទ្រភាគខាងលិច របស់រដ្ឋប៉ុន្មានម៉ោងមុននេះ ដោយបានបំផ្លាញផ្ទះសម្បែង និងផ្តាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជិត ២ លាននាក់។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះនេះបានបោកបក់នៅម៉ោង៨និង៣០នាទីយប់ នៅថ្ងៃពុធ ជាព្យុះសង្ឃរាប្រភេទទី៣ ដែលមានកម្លាំង ខ្យល់អតិបរមា ១២០ ម៉ាយក្នុងមួយម៉ោង (១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង) នៅជិតទីក្រុង Siesta Key។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌលព្យុះ សង្ឃរាជាតិរបស់សហរដ្ឋអាមេរិក។

នៅដើមថ្ងៃព្រហស្បតិ៍ ល្បឿនខ្យល់បានកាត់បន្ថយមកនៅត្រឹម ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលប្រកបដោយគ្រោះថ្នាក់ ដោយទម្លាក់អនុភាព្យុះ Milton ទៅជាព្យុះសង្ឃរាប្រភេទទី១វិញ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងព្យុះកំណាចបំផ្លាញ។ ខ្យល់ព្យុះនេះស្ថិតនៅចម្ងាយប្រហែល ៧៥ គីឡូម៉ែត្រ ខាងលិចខាងនិរតីនៃទីក្រុង Cape Canaveral ដែលជាស្ថានីយ៍កងកម្លាំងអវកាសរបស់ NASA តាំងនៅ។

មជ្ឈមណ្ឌលព្យុះសង្ឃរាបាននិយាយថា គ្រោះអាសន្នទឹកជំនន់បានចូលជាធរមានសម្រាប់តំបន់ Tampa Bay រួមទាំងទីក្រុង Tampa, St. Petersburg និង Clearwater ដោយទីក្រុង St. Petersburg បានទទួលទឹកភ្លៀង ១៦,៦ អ៊ីញ (៤២២មម) កាលពីថ្ងៃពុធ។

ព្យុះនេះបានធ្វើឱ្យមានការបាក់ដីនៅទីក្រុង Siesta Key ដែលជាទីក្រុងស្ថិតនៅចម្ងាយ ១០០ គីឡូម៉ែត្រ ភាគខាងត្បូងនៃតំបន់ទីប្រជុំជន Tampa Bay ដែលជាកន្លែងរស់នៅរបស់ប្រជាជនជាង ៣ លាននាក់។

អភិបាលរដ្ឋ ផ្លរីដា លោក Ron DeSantis បាននិយាយដោយសង្ឃឹមថា តំបន់ Tampa Bay អាចគេចផុតពីការខូចខាតធំៗ ហើយថា ព្យុះសង្ឃរាដ៏អាក្រក់បំផុត អាចត្រូវបានជៀសវាងបាន ។ អ្នកព្យាករណ៍បាននិយាយថា ទឹកសមុទ្រនៅតែអាចកើនឡើងដល់កម្ពស់ 13 ហ្វីត (4 ម៉ែត្រ)។
លោក DeSantis បានរាយការណ៍ថា ព្យុះសង្ឃរា Milton ក៏បានបង្កើតយ៉ាងហោចណាស់ ខ្យល់ព្យុះកំបុតត្បូងចំនួន ១៩ផ្សេងទៀត ដែលបណ្តាលឱ្យមានការខូចខាត នៅក្នុងស្រុកជាច្រើន ដោយបានបំផ្លាញផ្ទះប្រហែល ១២៥ ខ្នង ដែលភាគច្រើនជាផ្ទះចល័ត៕
ប្រែសម្រួលៈ ណៃ តុលា

To Top