ព័ត៌មានអន្តរជាតិ

ពីឡុតតួកគីម្នាក់ បាត់បង់ជីវិតនៅពេលកំពុងហោះហើរ បង្ខំឲ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ចុះចតបន្ទាន់នៅក្រុងញ៉ូវយ៉ក

afp

អ៊ីស្តង់ប៊ុល៖ លោក Yahya Ustun អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ បានសរសេរនៅលើគេហទំព័រសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter ថាដូច្នេះថា អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបានដួលនៅពេលពាក់កណ្តាលនៃការជើងហោះហើរ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិតួកគី ធ្វើការចុះចតជាបន្ទាន់នៅទីក្រុងញ៉ូវយ៉ក ។

គាត់បានសរសេរដាក់ថា “អ្នកបើកយន្តហោះ Airbus 350 របស់យើង… ជើងហោះហើរ TK204 ចេញដំណើរពីទីក្រុង Seattle ឆ្ពោះទៅអ៊ីស្តង់ប៊ុល បានដួល នៅក្នុងអំឡុងពេលហោះហើរ”។

“បន្ទាប់ពីការព្យាយាមមិនបានសម្រេចក្នុងការផ្តល់ជំនួយបឋមនោះ ក្រុមអ្នកបើកយន្តហោះនៃអ្នកបើកបរម្នាក់ទៀត និងសហពីឡុតម្នាក់បានសម្រេចចិត្តចុះចតជាបន្ទាន់ ប៉ុន្តែគាត់បានស្លាប់នៅមុនពេលចុះចត”។

ទិន្នន័យបានមកពីគេហទំព័រតាមដាន FlightAware បានបង្ហាញឲ្យដឹងថា យន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ John F Kennedy នៅមុនម៉ោង៦ព្រឹកនេះ ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់អ្នកដំណើរដើម្បីទៅដល់គោលដៅរបស់ពួកគេពីទីក្រុងញ៉ូវយ៉ក ។

លោក Ustun បានសរសេរដាក់ថា អ្នកបើកបរយន្តហោះវ័យ៥៩ឆ្នាំដែលមានឈ្មោះ Ilcehin Pehlivan ដែលបានធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីតាំងពីឆ្នាំ២០០៧បានឆ្លងកាត់ការពិនិត្យសុខភាពក្នុងខែមីនា ដែលមិនបង្ហាញពីបញ្ហាសុខភាពណាមួយនោះទេ ។

លោក Ustun បានបញ្ជាក់ថា “តាងនាមឲ្យក្រុមហ៊ុនអាកាសចរណ៍តួកគី យើងមានអារម្មណ៍សោកស្តាយជាពន់ពេកពោះការបាត់បង់ប្រធានក្រុមរបស់យើង ហើយសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត សហការី និងមនុស្សជាទីស្រលាញ់របស់គាត់ទាំងអស់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top