ព័ត៌មានអន្តរជាតិ

អាមេរិក៖ បុគ្គលិកអគ្គិសនី រាប់ពាន់នាក់មកពីរដ្ឋ ចំនួន ៤៣ និងកាណាដា បានទៅរដ្ឋ Florida ដើម្បីជួយជួសជុល បណ្តាញអគ្គិសនី

AFP

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅថ្ងៃអាទិត្យបានធ្វើការស្ទង់ទៅលើការខូចខាតដ៏ខ្លាំងក្លានៅរដ្ឋ Florida ដែលបន្សល់ទុកបន្ទាប់ ពីព្យុះសង្ឃរា Milton បោកបក់ពាសពេញ រដ្ឋកាលពីសប្តាហ៍មុន ដែលអ្នកស្រុកនេះនៅ តែដសង្គ្រោះពីការបំផ្លិចបំផ្លាញ ដែលបានកើតឡើង នៅចុងខែកញ្ញា ព្យុះសង្ឃរា Helene ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បាននិយាយបន្ទាប់ពីឧទ្ធម្ភាគចក្រ Marine One របស់គាត់បានហោះពីលើឆ្នេរ សមុទ្រភាគខាងលិចនៃរដ្ឋ Florida ពី Tampa ទៅ St. ជើងហោះហើរនេះ បានផ្តល់ឱ្យគាត់ នូវទិដ្ឋភាពយ៉ាងជិត នៅតំបន់ដែលរងការខូចខាត រួមទាំងដំបូលប្រេះបែក នៃកីឡដ្ឋានកីឡាបេស្បល Tampa Bay Rays, Tropicana Field ក្នុងទីក្រុង St. Petersburg។

មនុស្ស ១៧នាក់បានស្លាប់ នៅទូទាំងរដ្ឋក្នុងអំឡុងពេលព្យុះនេះ ហើយក៏មានព្យុះកំបុតត្បូង ជាច្រើនទៀតដែលបង្កឡើង ដោយខ្យល់ព្យុះ Milton។

នៅលើដី លោក Biden បានឃើញសង្កាត់ទាំងមូលនៅ St. Pete Beach ជាមួយនឹងកំទេចកំទី នៅកាច់ជ្រុង ផ្លូវក្បែរដើមឈើដែលដួលរលំ។

គំនរពូក កៅអីអង្គុយ ទូ ចង្ក្រានមីក្រូវ៉េវ ខ្នើយ និងទូផ្ទះបាយដែលខូច នៅពាសពេញផ្លូវរបស់កោះ ហើយកន្លែងខ្លះ នៅតែគ្របដណ្ដប់ដោយដីខ្សាច់ ខណៈដែលលោក Biden បានដើរឆ្លងកាត់ជា មួយអ្នកសង្គ្រោះបន្ទាន់។ អ្នកស្រុកម្នាក់បានចោទសួរលោក Biden ដោយសរសេរអក្សរនៅលើគំនរកំទេច កំទីផ្ទះមួយកន្លែងថា «ជួយផង»។

លោកបាននិយាយថា ថាមពលត្រូវបានស្ដារឡើងវិញ ដល់ប្រជាជន ២លាននាក់ក្នុងចំណោមមនុស្ស ៣លាននាក់ដែលបាន បាត់បង់អគ្គិសនីក្នុងអំឡុង ពេលព្យុះ Milton បក់បោក ។ លោក Biden បាននិយាយថា បុគ្គលិកអគ្គិសនីរាប់ពាន់នាក់ មកពីរដ្ឋចំនួន ៤៣ និងកាណាដា បានទៅរដ្ឋ Florida ដើម្បីជួយជួសជុលបណ្តាញ អគ្គិសនីរបស់ខ្លួន។

លោក Biden ក៏បានប្រកាសផ្តល់ជំនួយ សហព័ន្ធថ្មីចំនួន ៦១២ លានដុល្លារសម្រាប់ជនរងគ្រោះ​ នៃខ្យល់ព្យុះសង្ឃរាពីរ នៅទូទាំងភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top