តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និងសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នា បានរិះរកវិធីដើម្បីបញ្ឈប់ជម្លោះ និងសម្រេចបានបទឈប់បាញ់ រវាងក្រុមហេសបូឡារបស់លីបង់ និងអ៊ីស្រាអែល ។
នៅក្នុងការសន្ទនា តាមទូរស័ព្ទ ភាគីទាំងពីរ បានពិភាក្សាអំពីការ វិវឌ្ឍន៍ចុងក្រោយ បង្អស់នៅអាស៊ីខាងលិច ជាពិសេសការ កើនឡើង នៃភាពតានតឹង នៅក្នុងប្រទេសលីបង់ នេះបើយោង តាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ការិយាល័យ ប្រធានាធិបតីអ៊ីរ៉ង់។
លោក Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែចង់ ឱ្យអាស៊ីខាងលិចជាតំបន់ ដែលមានសុវត្ថិភាពឆ្ងាយពីសង្គ្រាម និងភាពតានតឹង ហើយស្វាគមន៍ ចំពោះការបញ្ចប់អរិភាព។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់នឹងស្វាគមន៍ និង គាំទ្រចំពោះសំណើណាមួយ ដើម្បីធានាបាននូវភាពស្ងប់ស្ងាត់ សន្តិភាព និងស្ថិរភាព ក្នុងតំបន់ ដោយអំពាវនាវ ឱ្យប្រធានាធិបតីបារាំង រួមជាមួយនឹងមេដឹកនាំរដ្ឋអឺរ៉ុបផ្សេងទៀត បន្តកិច្ចខិតខំ ប្រឹងប្រែង ដើម្បីបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ “អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម” របស់ខ្លួននៅតំបន់ ហ្គាហ្សាស្ទ្រីប និងលីបង់។
លោកក៏បានសរសើរ ដល់ការថ្កោលទោស របស់រដ្ឋាភិបាលបារាំង ចំពោះសកម្មភាព របស់អ៊ីស្រាអែលនៅលីបង់ និងការអំពាវនាវរបស់ខ្លួន ឱ្យបញ្ចប់ការផ្តល់ អាវុធដល់អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា