ព័ត៌មានអន្តរជាតិ

លោក Trudeau ស្ថិតនៅក្នុងពេលវេលា កំណត់ ដើម្បីចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីកាណាដា

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍រដ្ឋ CBC News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់គាត់ផ្ទាល់តែម្តង។

តាមប្រភពដដែល បានឲ្យដឹងថា សមាជិកសភាជាង ២០នាក់ មកពីគណបក្សសេរីនិយមដែលដឹកនាំដោយ Trudeau បានសរសេរលិខិត សុំឱ្យគាត់ចុះចេញពីតំណែង ឬប្រឈមនឹងផលវិបាក ជាច្រើននិតជាបន្តបន្ទាប់ ។

សមាជិកសភា បានផ្តល់ពេលវេលាដល់លោក Trudeau នៅថ្ងៃទី២៨ខែតុលាដើម្បីធ្វើការសម្រេចចិត្ត របស់គាត់ហើយ លោក Wayne Long សមាជិកសភាសេរី និយមបានប្រាប់ CBC ថា ៖អ្វីដែលល្អបំផុត សម្រាប់គណបក្សរបស់យើង គឺការផ្លាស់ប្តូរការដឹកនាំនៅពេលនេះ។

ទោះជាយ៉ាងណា ក៏ដោយ លោក Trudeau បានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ៖ គណបក្សគឺរឹងមាំនិងឯកភាពទាំងដែល មេដឹកនាំកាណាដា បាននិយាយម្តងហើយម្តងទៀតថា គាត់គ្រោងនឹងដឹកនាំគណបក្ស ចូលទៅក្នុងការបោះឆ្នោតបន្ទាប់នៅឆ្នាំ២០២៥ ។

គួរឲ្យដឹងដែរថារយៈពេលបួនឆ្នាំចុងក្រោយ របស់លោក Trudeau ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលត្រូវបានរងការវាយប្រហារដោយ Covid-19 និងបញ្ហាសេដ្ឋកិច្ច។ អតិផរណា និងអត្រាការប្រាក់កាន់តែខ្ពស់បានបំផ្លាញ អំណាចទិញរបស់ប្រជាជនកាណាដា ចាប់តាំងពីឆ្នាំ២០២២ ជាពិសេសសម្រាប់គ្រួសារដែលមានចំណូលទាប នេះបើយោងតាមរបាយការណ៍សភា ដែលចេញផ្សាយនៅដើមខែនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top