ព័ត៌មានអន្តរជាតិ

Update៖ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកស្លាប់ជាង២.៦០០នាក់ ខណៈអ្នករងរបួសមានរហូតដល់ជាង ១២.៤០០នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើប្រទេសលីបង់

Xinhua

បេរូត៖ កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់ គិតចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ២.៦៧២នាក់ ខណៈដែលអ្នករងរបួសបានកើនឡើងដល់ ១២.៤៦៨នាក់ ។

របាយការណ៍ចេញដោយក្រសួងខាងលើបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល គិតកាលពីថ្ងៃសៅរ៍មានចំនួន ១៩នាក់ ដោយអ្នករងរបួសត្រូវបានគេរាយការណ៍មកថា មានចំនួន១០៨នាក់ ។

យោងតាមប្រភពផ្លូវការ និងយោធាបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានមនុស្សចំនួន១១នាក់ បូករួមទាំងមន្ត្រីសន្តិសុខរបស់ក្រុមហេបូឡាហ៍ (Hezbollah) ម្នាក់ត្រូវបានសម្លាប់ និងចំនួន២៥នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល សំដៅទៅលើភាគខាងត្បូងប្រទេសលីបង់ ។

ប្រភពយោធាដែលបញ្ជាក់ឲ្យដឹង ដោយជនអនាមិកបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅដោយមីស៊ីលបាញ់ ចេញពីដែនអាកាសមកដីចំនួន ២គ្រាប់ ត្រូវចំផ្ទះល្វែងនៅក្នុងអគារមួយកន្លែងក្នុងសង្កាត់ Saida ក្នុងទីក្រុង Sidon ដោយបានសម្លាប់មន្ត្រីហេបូឡាហ៍ ដែលមានឈ្មោះថា Hussein Fneish និងសមាជិកគ្រួសាររបស់គេចំនួន ៧នាក់ ខណៈ២៥នាក់ផ្សេងទៀតបានរងរបួស ។

ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើមជ្ឈមណ្ឌលមួយរបស់សមាគម Al Risala សម្រាប់ការថែទាំសុខភាព គឺបានសម្លាប់គ្រូពេទ្យចំនួន០៣ នាក់ ដែលនាំឱ្យចំនួនគ្រូពេទ្យដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអ៊ែល បានកើនឡើងដល់ ១៦៧នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top