PORTSUDAN៖ យោងតាមក្រុមគ្រូពេទ្យ និង មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ យ៉ាងហោចណាស់ មានមនុស្សចំនួន១៨នាក់បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុង ការវាយប្រហារ២ផ្សេងគ្នា ដោយកងកម្លាំងគាំទ្ររហ័ស ហៅកាត់ (RSF) នៅរដ្ឋ North Darfur ស្ថិតនៅភាគខាងលិច នៃប្រទេសស៊ូដង់ ។
បណ្តាញវេជ្ជបណ្ឌិតស៊ូដង់ បានរាយការណ៍ថា មានមនុស្សចំនួន១៥នាក់បានស្លាប់ និង៥នាក់រងរបួសនៅក្នុង ការវាយប្រហាររបស់កងកម្លាំង RSF មកលើតំបន់ Bardik និងភូមិដែលនៅក្បែរនោះ ។
ដោយឡែក លោក Ibrahim Khatir អគ្គនាយកនៃក្រសួងសុខាភិបាល នៅរដ្ឋ North Darfur បានប្រាប់ ដល់ទីភ្នាក់ងារ Xinhua ថា មនុស្ស៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយកាំភ្លើងធំទៅលើមន្ទីរពេទ្យ Saudi ក្នុងទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ។ បុគ្គលិកពេទ្យនៅមន្ទីរពេទ្យ នោះមិនមានរងរបួសអ្វីទេ ។
ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ថា (SAF) និងកងកម្លាំង RSF បានបន្តនៅក្នុងទីក្រុង El Fasher គិតចាប់តាំងពីថ្ងៃទី១០ ខែឧសភា ។ ទីក្រុង ដែលមានប្រជាជនប្រមាណ១,៥លាននាក់ បូករួមទាំងជន ភៀសខ្លួនក្នុងស្រុកចំនួន៨០០.០០០នាក់ត្រូវបានរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជម្លោះនេះ ។
យោងតាមការប៉ាន់ស្មានចុងក្រោយ របស់អង្គការអន្តរជាតិ បានឲ្យដឹងថា ជម្លោះដែលកំពុងបន្ត នៅក្នុងប្រទេសស៊ូដង់ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ បានបណ្តាលឱ្យមនុស្ស ជាង២៤.៨៥០នាក់បានស្លាប់ និងរាប់លាននាក់បានផ្លាស់ទីលំនៅ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា