បរទេស៖ វិស័យធុរកិច្ច និងវិស័យសិក្សា អាចព្យាករណ៍ពីសេណារីយ៉ូដែលលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខបាន រវាងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump អាចបង្កើតទាំងហានិភ័យ និងឱកាសសម្រាប់ប្រទេសថៃ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម លំហូរវិនិយោគ និងការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់សហរដ្ឋអាមេរិក ក៏នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចថៃ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងនយោបាយពិភពលោកផងដែរ។
លោកបាននិយាយថា ការប្រែប្រួលនៃប្រាក់បាតថៃ និងទីផ្សារភាគហ៊ុនជារឿយៗ កើតឡើងជុំវិញការបោះឆ្នោត នៅសហរដ្ឋអាមេរិក ដោយសារតែអ្នកវិនិយោគព្រួយបារម្ភថា គោលនយោបាយរបស់អាមេរិក នឹងប៉ះពាល់ដល់ទីផ្សារពិភពលោក។
លោកបានកត់សម្គាល់ថា ក្នុងបរិយាកាសនេះ រដ្ឋាភិបាល និងវិស័យធុរកិច្ចរបស់ប្រទេសថៃ ត្រូវតែសម្របតាមយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយហានិភ័យដែលកើតចេញពី គោលនយោបាយរបស់សហរដ្ឋអាមេរិក និងចាប់យកឱកាសដែលមាន សក្តានុពលជាមួយនឹងការផ្លាស់ប្តូរ ដូចជាការពង្រឹងទំនាក់ទំនងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក។
សភាពាណិជ្ជកម្មថៃបានលើកឡើងអំពី សេណារីយ៉ូពីរដែលអាចកើតមាន គឺគោលនយោបាយបែបនេះអាច ជះឥទ្ធិពលដល់ឧស្សាហកម្មថាមពល និងដឹកជញ្ជូន ដែលអាចបង្កើនអតិផរណា និងប៉ះពាល់ដល់ការនាំចេញរបស់ថៃ។ ពន្ធនាំចូលសកល 10% ពីសហរដ្ឋអាមេរិកក៏នឹងកាត់បន្ថយ តម្រូវការទំនិញថៃផងដែរ។
ជាងនេះទៅទៀត ពន្ធរហូតដល់ 60% លើផលិតផលចិន អាចនឹងបង្វែរការនាំចេញ របស់ចិនទៅកាន់អាស៊ីអាគ្នេយ៍ ដោយជន់លិចទីផ្សារក្នុងស្រុក ជាមួយនឹងទំនិញថោកជាង និងប្រឈមមុខនឹងក្រុមហ៊ុនផលិតថៃ។
នៅក្នុងសេណារីយ៉ូទីពីរ ប្រសិនបើលោកស្រី Harris ឈ្នះការបោះឆ្នោត រដ្ឋបាលរបស់លោកស្រីទំនងជា នឹងបន្តគោលនយោបាយសម័យ Biden ដោយគាំទ្រដល់ពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគថាមពលស្អាត ៕
ប្រែសម្រួលៈ ណៃ តុលា