តូក្យូ៖ នៅព្រឹកថ្ងៃអាទិត្យនេះ អគ្គិភ័យមួយបានឆាបឆេះចេញពីលើនាវាបោសសម្អាតមីនរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ហៅកាត់ថា (MSDF) នៅឯឆ្នេរសមុទ្រ ភាគនិរតីនៃខេត្តហ្វុយគូកា (Fukuoka) ។
ទូរទស្សន៍ NHK បានផ្សព្វផ្សាយដោយបានដកស្រង់សម្តីរបស់កងទ័ព MSDF និងអាជ្ញាធរ ដែលបានលើកឡើងយ៉ាងដូច្នេះថា អគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ម៉ាស៊ីននៅម៉ោងប្រហែល៩ និង ៤០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ នៅលើនាវាបោសសម្អាតមីន Ukushima ដែលកំពុងធ្វើដំណើរចម្ងាយប្រហែល ២គីឡូម៉ែត្រខាងជើងទីក្រុង អូស៊ីម៉ា (Oshima) ក្នុងទីក្រុង ម៉ុយណាកាតា (Munakata) ខេត្ត ហ្វុយគូកា ។
សេចក្តីរាយការណ៍បានឲ្យដឹងថា សមាជិកនាវិកម្នាក់ដែលនៅក្នុងបន្ទប់ម៉ាស៊ីនបានស្រូបផ្សែង និងមានការឈឺចាប់ដោយឈឺបំពង់ក ហើយត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែនេសាទក្នុងទីក្រុង Munakata ជាកន្លែងដែលគាត់ត្រូវបានបញ្ជូនទៅកាន់រថយន្តសង្គ្រោះ ។
គិតត្រឹមម៉ោង២ និង ២០នាទីរសៀល ម៉ោងក្នុងស្រុក ខ្សែវីដេអូរបស់ទូរទស្សន៍ NHK បានបង្ហាញឲ្យដឹងថា ផ្សែងពណ៌ប្រផេះ ត្រូវបានគេមើលឃើញថា បានប៉ើងឡើងចេញពីផ្លូវមួយនៅក្នុងចំណោមផ្លូវ២ នៅខាងក្រោយនាវា Ukushima ។
កងកម្លាំង MSDF និងឆ្មាំសមុទ្រជប៉ុន កំពុងធ្វើការដើម្បីពន្លត់ភ្លើង ហើយកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា