បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយបានណែនាំលោក Putin កុំឱ្យធ្វើឱ្យសង្គ្រាមអ៊ុយក្រែនកាន់តែតានតឹង នេះបើតាមប្រភពដែលស្គាល់ពីការសន្ទនាបានប្រាប់ Reuters កាលពីថ្ងៃអាទិត្យ ខណៈដែលប្រធានាធិបតីលោក Joe Biden មានគម្រោងជំរុញឱ្យលោក Trump កុំបោះបង់ចោលទីក្រុងគៀវ ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា លោក Trump និង លោក Putin បាននិយាយគ្នានៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Trump បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃពុធ។ លោក Trump បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវ ដោយបានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សដោយមិននិយាយពីរបៀប។
ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ខ្លួនមិនត្រូវបានជូនដំណឹងជាមុនអំពីការហៅទូរស័ព្ទរវាងលោក Trump និងលោក Putin ហើយក្រោយមកក៏មិនអាចគាំទ្រ ឬជំទាស់នឹងការសន្ទនានេះដែរ។
លោក Steven Cheung នាយកផ្នែកទំនាក់ទំនងរបស់លោក Trump បាននិយាយនៅពេលត្រូវបានសួរអំពីការហៅទូរស័ព្ទដែលត្រូវបានរាយការណ៍ដំបូងដោយ The Washington Post ថា “យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរស័ព្ទឯកជនរវាងប្រធានាធិបតី Trump និងមេដឹកនាំពិភពលោកផ្សេងទៀតនោះទេ” ។ ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។
លោក Trump មកពីគណបក្សសាធារណរដ្ឋ គឺនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បន្ទាប់ពីបានផ្តួលអនុប្រធានាធិបតីលោកស្រី Kamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៥ ខែវិច្ឆិកា។ សេតវិមានបាននិយាយថា លោក Biden បានអញ្ជើញលោក Trump ឱ្យមកការិយាល័យ Oval នៅថ្ងៃពុធ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សារកំពូលរបស់លោក Biden នឹងក្លាយជាការប្តេជ្ញាចិត្តរបស់គាត់ក្នុងការធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយលោកក៏នឹងនិយាយជាមួយលោក Trump អំពីអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប នៅអាស៊ី និងមជ្ឈិមបូព៌ា៕
ប្រែសម្រួលៈ ណៃ តុលា