បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ សាជាថ្មីមួយទៀតលើអ៊ុយក្រែន ត្រឹមតែមួយយប់ប៉ុណ្ណោះ ដោយផ្តោតលើថាមពលដ៏សំខាន់ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងឧស្សាហកម្ម។
ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដោយរៀបរាប់ លម្អិតអំពីប្រតិបត្តិការនេះ ដែលប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយតាមអាកាស និងតាមសមុទ្រ ព្រមទាំងយន្តហោះគ្មានមនុស្សបើកផងដែរ។
ក្រសួងបានបញ្ជាក់បែបនេះថា៖ ការវាយប្រហារដែលត្រូវផ្តោតទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ ដែលគាំទ្រដល់ការងារនៃបរិវេណ ឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ក៏ដូចជារោងចក្រផលិតឧបករណ៍យោធាហើយបន្ថែមថា គោលដៅដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារត្រឹមតែមួយយប់ប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក្តីព័ត៌មានលម្អិតបន្ថែម អំពីទំហំនៃការខូចខាតមិនត្រូវបាន ផ្តល់ឱ្យទេប៉ុន្តែនៅមុននេះបន្តិច ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីអ៊ុយក្រែនបានរាយការណ៍ ពីរលកនៃការវាយប្រហារនៅទូទាំងតំបន់ផ្សេងៗ ដែលជំរុញឱ្យក្រុមហ៊ុនថាមពលជាតិ ដាក់ការដាច់ចរន្តអគ្គិសនី ជាច្រើនកន្លែងនៅទូទាំងប្រទេស។
គួរឲ្យដឹងដែរថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានពណ៌នាអំពីទំហំនៃ ការទម្លាក់គ្រាប់បែកនេះ ដោយអះអាងថា វាជាប់ពាក់ព័ន្ធ មីស៊ីលសរុបប្រហែលជា ១២០ គ្រាប់ រួមទាំងមីស៊ីលលឿនជាងសំឡេង និងយន្តហោះគ្មានមនុស្សបើក ៩០ គ្រឿងផង៕
ប្រែសម្រួល៖ ស៊ុន លី