ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបញ្ជូនគ្រាប់មីនប្រឆាំងមនុស្ស ទៅឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងនឹងកងទ័ពងរុស្ស៊ី

AFP

បរទេស៖ ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនគ្រាប់មីន ប្រឆាំងមនុស្សទៅអ៊ុយក្រែន ដើម្បីជួយដល់កងកម្លាំងរបស់ទីក្រុងគៀវ ក្នុងការទប់ទល់នឹងការឈានទៅមុខ នៃកងទ័ពជើងគោករុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្តនេះគឺជាការបញ្ច្រាស គោលនយោបាយទីពីរ របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រធានាធិបតី Joe Biden ក្នុងរយៈពេលពីរខែចុងក្រោយនៃ ការកាន់តំណែងនៅសេតវិមាន បានផ្លាស់ប្តូរជំហររបស់លោក ហើយបាននិយាយថា អ៊ុយក្រែនឥឡូវនេះមានសេរីភាព ក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ចូលទៅក្នុងប្រទេសរុស្ស៊ី។

អ៊ុយក្រែនបានកំណត់ គោលដៅឃ្លាំងអាវុធយ៉ាងឆាប់រហ័សជាមួយនឹង ការវាយប្រហារលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ។ លោក Austin បាននិយាយទៅកាន់អ្នកសារព័ត៌មាន ដែលធ្វើដំណើរជាមួយលោកក្នុងដំណើរ ទៅកាន់ប្រទេសឡាវបាននិយាយថា ការអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់មីន របស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន បានក្លាយជាការចាំបាច់ដោយសារតែ ការផ្លាស់ប្តូរយុទ្ធសាស្ត្រសមរភូមិ ដោយកងកម្លាំងរបស់ទីក្រុងម៉ូស្គូ។

ប្រមុខមន្ទីរបញ្ចកោណរូបនេះបាននិយាយថា កងទ័ពជើងគោករុស្ស៊ីកំពុងដឹកនាំ ចលនានៅលើសមរភូមិ ជាជាងកងកម្លាំងការពារដោយរថពាសដែក ដូច្នេះអ៊ុយក្រែនមាន “តម្រូវការសម្រាប់អ្វីដែលអាចជួយពន្យឺត កិច្ចខិតខំប្រឹងប្រែងនោះលើផ្នែករបស់រុស្ស៊ី” ។

ទីក្រុងមូស្គូបានដណ្តើមយកទឹកដីបន្ថែមទៀត នៅភាគខាងកើតអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក Austin បាននិយាយថា គ្រាប់មីនដែលសហរដ្ឋអាមេរិកនឹងផ្តល់ឲ្យ អាចត្រូវបានគ្រប់គ្រងសម្រាប់ ការធ្វើសកម្មភាពដោយខ្លួនឯង និងការបំផ្ទុះដោយខ្លួនឯង។ មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានស្វែងរកការប្តេជ្ញាចិត្ត ពីអ៊ុយក្រែនអំពីរបៀបដែលខ្លួននឹង ប្រើប្រាស់មីនប្រឆាំងមនុស្ស ដោយមានការរំពឹងទុកថា គ្រាប់មីនទាំងនោះ នឹងត្រូវដាក់ពង្រាយតែនៅលើទឹកដីអ៊ុយក្រែន នៅក្នុងតំបន់ដែលជនស៊ីវិលអ៊ុយក្រែនមិនរស់នៅ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top