បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថាប្រទេសរុស្ស៊ី បានបន្ថែមមូលដ្ឋានការពារមីស៊ីល របស់សហរដ្ឋអាមេរិកដែលទើបនឹងបើកថ្មី នៅក្នុងប្រទេសប៉ូឡូញទៅក្នុងបញ្ជី គោលដៅវាយប្រហារជាអាទិភាពរបស់ខ្លួន ។
ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Zakharova ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការបើកជាផ្លូវការនៃមូលដ្ឋាន ប្រឆាំងមីស៊ីលអាមេរិក-ណាតូនៅក្នុងភូមិ Redzikowo ប៉ូឡូញកាលពីសប្តាហ៍មុន និងសេចក្តីថ្លែងការណ៍ដោយទីក្រុងវ៉ារស្សាវ៉ាថា ទីតាំងនេះគឺមានគោលបំណង ដោយផ្ទាល់ប្រឆាំងនឹងរុស្ស៊ី។
អ្នកនាំពាក្យរូបនេះបានឆ្លើយតបថា ការបើកមូលដ្ឋានទ័ពនេះ គឺជាជំហានបង្កហេតុមួយទៀត នៅក្នុងសកម្មភាពបង្កអស្ថិរភាព យ៉ាងជ្រាលជ្រៅដោយជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុង អង្គការណាតូក្នុងវិស័យយោធាជាយុទ្ធសាស្ត្រ។
លោកស្រី Zakharova បានបន្ថែមថា វិធានការនេះគឺជា ផ្នែកមួយនៃគោលនយោបាយបំផ្លិចបំផ្លាញ ជាច្រើនទសវត្សរ៍នៃការនាំយកហេដ្ឋារចនាសម្ព័ន្ធយោធា របស់ណាតូឱ្យកាន់តែខិតទៅជិតព្រំដែន របស់រុស្ស៊ីហើយនាំទៅដល់ ការបំផ្លាញស្ថិរភាពក្នុងតំបន់ និងការកើនឡើងនៃហានិភ័យដល់កម្រិត គ្រោះថ្នាក់នៃការប្រើប្រាស់នុយក្លេអ៊ែរផងដែរ។
គួរឲ្យដឹងដែរថាទីក្រុងមូស្គូតែងតែ បានរក្សាជាយូរមកហើយថា ការអះអាងរបស់វ៉ាស៊ីនតោនអំពី គោលបំណងពិតនៃមូលដ្ឋានទ័ព Aegis គឺមិនច្បាស់លាស់ ហើយថាពួកគេកំពុងត្រូវបានប្រើប្រាស់ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ អង្គការណាតូទៅភាគខាងកើត ហើយមានន័យថាមានគោលបំណងប្រឆាំងនឹងរុស្ស៊ី ៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									