ព័ត៌មានអន្តរជាតិ

វៀតណាម៖ ជនបរទេស២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅតំបន់ពេញនិយម ក្នុងខេត្ត Binh Thuan

VN Express

បរទេស៖ ប្ដីប្រពន្ធជាជនជាតិរុស្សី បានជិះម៉ូតូបុកជាមួយម៉ូតូជនបរទេសម្នាក់ទៀត ដែលនៅខេត្ត Binh Thuan ភាគកណ្តាល កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនជាតិរុស្សី ប្តីប្រពន្ធមួយគូ បានជិះម៉ូតូតាមដងផ្លូវមាត់សមុទ្រឆ្ពោះទៅឆ្នេរ Mui Ne វេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល។ លុះដល់ពេលបត់ម៉ូតូ ក៏បុកគ្នាចំជាមួយម៉ូតូជនបរទេសម្នាក់ទៀត ដែលសញ្ជាតិរបស់គេមិនត្រូវបានគេបញ្ជាក់ ។

ឧបតិហេតុនេះ បានប៉ះពាល់យ៉ាងខ្លាំងបណ្តាលឱ្យ ជនបរទេសទាំង៣នាក់ដួល និងម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ បុរសជនជាតិរុស្សី បានស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់។ ចំណែកជនបរទេសម្នាក់ទៀតជាបុរស ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែរ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ ។

ប៉ូលិសបានចុះពិនិត្យកន្លែងកើតហេតុ និងកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ។ ផ្លូវមាត់សមុទ្រតភ្ជាប់ទីប្រជុំជន Phan Thiet ជាមួយ Mui Ne ប្រវែង ២០ គីឡូម៉ែត្រ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ជាពិសេសសម្រាប់ជនបរទេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top