តៃប៉ិ៖ យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធការពារ ដែនអាកាសរយៈពេលមួយព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកល្បងការឆ្លើយតប និងនីតិវិធីនៃការចូលរួមរបស់ខ្លួន នៅមុនពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Lai Ching-te នៅចុងសប្តាហ៍ទៅកាន់ដែនមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងរួមបញ្ចូលគ្នាជាមួយ សហរដ្ឋអាមេរិកផងដែរ ។
យោងតាមការវាយតម្លៃរបស់កោះតៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ប្រទេសចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធា នៅប៉ុន្មានថ្ងៃខាងមុខនេះនៅជិតកោះតៃវ៉ាន់ ដោយយកហេតុផលនៃការធ្វើដំណើរ នាពេលខាងមុខរបស់លោក Lai ទៅកាន់ដែនមហាសមុទ្រប៉ាស៊ីហ្វិក និងបានកំណត់ពេលធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក ។
ប្រទេសចិន បានទាមទារកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន ហើយបានលើកឡើងថា លោក Lai ជាអ្នកបំបែកខ្លួន ។ លោក Lai លើកឡើងថា មានតែប្រជាជនកោះតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ ហើយបានផ្តល់ការចរចាម្តងហើយម្តងទៀត ជាមួយក្រុងប៉េកាំងដែលត្រូវបានបដិសេធ ។
បញ្ជាការកងទ័ពអាកាសរបស់កោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលមិនបានប្រាប់ឲ្យដឹងអំពីដំណើរ ទៅក្រៅប្រទេសរបស់លោក Lai ថា សម្រាប់រយៈពេលរយៈពេល២ម៉ោង ដែលចាប់ផ្តើមពីយន្តហោះ នាវា និងប្រព័ន្ធមីស៊ីលត្រូវបានចូលរួមនៅក្នុង “សមយុទ្ធផែនការប្រយុទ្ធការពារ ដែនអាកាសទាំងមូល” ។
លោកបានបញ្ជាក់ថា សមយុទ្ធនេះ គឺដើម្បី “ពង្រឹងប្រសិទ្ធភាពរួមនៃ ប្រតិបត្តិការការពារដែនអាកាស និងដើម្បីសាកល្បងការឆ្លើយតប និងនីតិវិធីចូលរួមរបស់កងកម្លាំងការពារដែនអាកាស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា