បរទេស៖ អ្នកនាំពាក្យកងកម្លាំងបេសកកម្មរបស់ទីក្រុងមូស្គូបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីដែលឈរជើងនៅក្នុងប្រទេសស៊ីរី បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាដ ដែលវាយប្រហារទីក្រុងភាគខាងជើងនៃអាឡិបប៉ូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមភេរវករ Hayat Tahrir-al-Sham (HTS) និងកងជីវពលសម្ព័ន្ធមិត្ត បានវាយប្រហារទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃពុធ ដោយបំពានបទឈប់បាញ់ដ៏ផុយស្រួយដែលសម្របសម្រួលដោយរុស្ស៊ី និងតួកគី ក្នុងឆ្នាំ ២០២០។
វរសេនីយ៍ឯក Oleg Ignatнuk អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ី សម្រាប់ប្រទេសស៊ីរីបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា ““ការផ្តល់ការគាំទ្រដល់កងទ័ពអារ៉ាប់ស៊ីរី គឺកងកម្លាំងអាកាសយានិករុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីល និងទម្លាក់គ្រាប់បែកលើឧបករណ៍ និងកម្លាំងមនុស្សរបស់ក្រុមប្រដាប់អាវុធខុសច្បាប់ ប៉ុស្តិ៍បញ្ជាការ ឃ្លាំង និងទីតាំងកាំភ្លើងធំរបស់ភេរវករ។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធចំនួន ២០០ នាក់ត្រូវបានកំចាត់ចោល” ។ លោកបានបន្ថែមថា ជនសកម្មប្រយុទ្ធ ៤០០នាក់ផ្សេងទៀត ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី និងស៊ីរីកាលពីមួយថ្ងៃមុន៕
ប្រែសម្រួលៈ ណៃ តុលា