ព័ត៌មានអន្តរជាតិ

ផ្ទុះអំពើហិង្សានៅខេត្តភាគពាយព្យប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្សរហូតដល់ ១២៤នាក់

afp

ឥស្លាម៉ាបាដ៖ រដ្ឋបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារអំពើហឹង្សានិកាយនៅក្នុងស្រុក Kurram នៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១២៤នាក់ហើយ ។

មន្ត្រីម្នាក់មកពីរដ្ឋបាលស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងបន្ទាប់ពីពលរដ្ឋចំនួន ១៦នាក់ទៀតបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានបន្ថែមថា ពលរដ្ឋជាង ១៧០នាក់ផ្សេងទៀតបានរងរបួស ។

មន្ត្រីដដែលនេះបានឲ្យដឹងទៀតថា អ្នករងរបួសភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗគ្នា បូករួមទាំងអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ។

គេបានដឹងថា អំពើហឹង្សាបានចាប់ផ្តើមឡើងបន្ទាប់ពីក្រុមបុរសប្រដាប់អាវុធ បានវាយប្រហារទៅលើក្បួនរថយន្តដឹកអ្នកដំណើរដែលចេញពីតំបន់ Parachinar ចូលក្នុងតំបន់ Mandori Uchit នៃស្រុកខាងលើកាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅនេះ ដោយបានសម្លាប់មនុស្សអស់ចំនួន ៥២នាក់រួមទាំងកុមារនិងស្ត្រីទៀតផង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top