ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អ៊ុយក្រែន បញ្ជាក់ពីការត្រៀម​ខ្លួន​បញ្ចប់​ជម្លោះ ជា​ថ្នូរ​នឹង​ការ​ចូល​ជា​សមាជិក​អង្គការណាតូ

afp

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងការត្រៀមខ្លួន ដើម្បីបញ្ចប់ “ដំណាក់កាលក្តៅ” នៃជម្លោះជាមួយរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។

លោក ហ្សេឡិនស្គី បានលើកឡើងថា “ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្តៅនៃសង្រ្គាម យើងត្រូវដាក់ទឹកដីអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងនៅក្រោមឆ័ត្រណាតូ។ យើងត្រូវធ្វើវាឱ្យលឿន”។

លោកបានបន្ដថា ក្រោយមក អ៊ុយក្រែនអាចទទួលបានមកវិញនូវទឹកដី ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី តាមវិធីការទូត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បាន​កត់​សម្គាល់​ថា ការ​អញ្ជើញ​ណាតូ​គួរ​ទទួល​ស្គាល់​ព្រំដែន ​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​របស់​អ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់គឺជាការចាំបាច់ ដើម្បីធានាថារុស្ស៊ី “មិនត្រឡប់មកវិញ” ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top