ព័ត៌មានអន្តរជាតិ

កងកម្លាំងស៊ីរី ចូលរួមប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់ភាគកណ្តាលដោយសម្លាប់ ក្រុមឧទ្ទាមអស់តិចបំផុត ៣០០នាក់

AFP

ដាម៉ាស់៖ ក្រសួងការពារប្រទេសស៊ីរីបានឲ្យដឹងថា កងកម្លាំងកងទ័ពស៊ីរី បានចូលរួមក្នុងការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លានៅក្នុងខេត្ត Hama ស្ថិតនៅភាគកណ្តាលប្រឆាំងនឹង ក្រុមឧទ្ទាមដែលភាគច្រើនជាក្រុម Hayat Tahrir al-Sham ហៅកាត់ថា (HTS) ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធទាំងនោះ យ៉ាងហោចណាស់អស់ចំនួន៣០០នាក់ ។

ក្រសួងខាងលើបានឲ្យដឹងថា អង្គភាពនៃកងទ័ពស៊ីរីដែលដាក់ពង្រាយ តាមខ្សែបន្ទាត់ជួរមុខ នៅតំបន់ជនបទភាគខាងជើង ខេត្ត Hama បាននិងកំពុងប្រយុទ្ធគ្នា គិតចាប់តាំងពីព្រឹកដោយប្រឆាំងនឹង អង្គការភេរវករប្រដាប់អាវុធដែលមាន ទំនាក់ទំនងជាមួយនឹងក្រុម HTS ។

ក្រសួងដដែលនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងរបស់យើងកំពុងផ្តោតលើ ការប្រមូលផ្តុំរបស់ក្រុមភេរវករ និងក្បួនរថយន្តរបស់ពួកគេ នៅលើអ័ក្សចលនាទាំងអស់ ដោយប្រើកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងយន្តហោះចម្បាំងស៊ីរី និងរុស្ស៊ីរួមគ្នា” ។

“ប្រតិបត្តិការទាំងនេះបានបណ្តាលឱ្យ មានការបោសសម្អាតក្រុមសកម្មប្រយុទ្ធ យ៉ាងហោចណាស់អស់ ៣០០នាក់ រួមទាំងជនបរទេស និងការទម្លាក់គ្រាប់បែក និងបំផ្លាញយន្តហោះគ្មានមនុស្សបើក លើសពី២៥គ្រឿង” ដោយបន្ថែមថា ការពង្រឹងត្រូវបានបញ្ជូនទៅដើម្បីពង្រឹងជួរមុខ និងការពារការរីកចំរើន របស់ក្រុមឧទ្ទាមបន្ថែមទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top