ព័ត៌មានអន្តរជាតិ

លោក Trump បានបញ្ជាក់ប្រាប់លោក Zelensky ច្បាស់ហើយថា គាត់ចង់ឲ្យមានបទ ឈប់បាញ់កើតឡើងភ្លាមៗ

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានប្រាប់លោក Vladimir Zelensky របស់ប្រទេស អ៊ុយក្រែន និងប្រធានាធិបតីបារាំង Emmanuel Macron ថា លោកចង់បញ្ចប់អរិភាព រវាងទីក្រុងមូស្គូ និងទីក្រុង គៀវឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។

មេដឹកនាំប្រទេសទាំងបីបាន ជួបគ្នាកាលពីសប្តាហ៍មុន នៅទីក្រុងប៉ារីស ជាកន្លែងដែលពួកគេបានជួប ពិភាក្សាគ្នាអំពី វិបត្តិអ៊ុយក្រែន ទោះបីជាមានការ រាយការណ៍ថាលោក Trump មានការស្ទាក់ស្ទើរក្នុងការ ចូលរួមក្នុងការអង្គុយ ចុះក៏ដោយ។

បន្ទាប់ពីកិច្ចប្រជុំនោះ លោក Trump បានអះអាងថា អ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះជាមួយ រុស្ស៊ីភ្លាមៗហើយ ទោះជាយ៉ាងណាក៏ដោយលោក Zelensky បានទទូចថាទីក្រុងគៀវ ត្រូវតែទទួលបានការធានាសន្តិសុខ ដែកជាមុនសិន ខណៈពេលដែលបដិសេធ សម្បទានដែនដីណាមួយ។

ប្រភព Reutersដដែល ដែលដឹងពីបញ្ហានេះបាននិយាយថា ក្នុងអំឡុងពេលការពិភាក្សា រយៈពេល៣៥នាទី ដែលធ្វើឡើងដោយគ្មានទីប្រឹក្សា លោក Trump បានចូលរួមក្នុងលក្ខណៈរួសរាយរាក់ទាក់ គោរព និងបើកចំហ ហើយហាក់ដូចជាស្ថិតក្នុងរបៀបនៃការស្តាប់តែមួយគត់នោះទេ។

ប្រភពជាច្រើន ក៏បានលើកឡើងផងដែរថា ប្រធានាធិបតីជាប់ឆ្នោតហាក់ ដូចជាកំពុងព្យាយាមបង្កើត ទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយសមភាគីរបស់គាត់។

យោងតាមប្រភពចំនួន៤បានឲ្យដឹងទៀតដែរថា មេដឹកនាំទាំងបី មិនបានពិភាក្សាលម្អិត ជាក់លាក់នៃចក្ខុវិស័យ សម្រាប់សន្តិភាពទេប៉ុន្តែ Trump បានទទូចថាគាត់ ចង់ឱ្យមានបទឈប់បាញ់ ជាបន្ទាន់និងការចរចា ដើម្បីបញ្ចប់សង្រ្គាមឱ្យបាន ឆាប់រហ័សហើយជា លទ្ធផលទាំងប្រធានាធិបតីជាប់ឆ្នោត និងក្រុមរបស់គាត់ មិនទាន់បាននឹងកំពុងគិតថាតើពួកគេគិតឃើញដំណោះស្រាយ យ៉ាងណានោះនៅឡើយទេ ចំពោះជម្លោះនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top