បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍បាននិយាយថា ការដែលលោកបានប្រកាសច្បាប់ អាជ្ញាសឹកកាលពីសប្តាហ៍មុន គឺដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ហើយលោកបដិសេធការចោទប្រកាន់ ដែលលោកបានញុះញង់ ឱ្យមានការបះបោរ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថា តាមទូរទស្សន៍របស់លោក Yoon បានកើតឡើង នៅពេលដែលការស៊ើបអង្កេតបន្តចូល ទៅក្នុងក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់នៅថ្ងៃទី៣ ខែធ្នូ ដែលបានបង្កឱ្យមានការ ខឹងសម្បារយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។
គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ត្រូវ បានគេរំពឹងថា នឹងដាក់ញត្តិចោទប្រកាន់ថ្មីប្រឆាំង នឹងលោកដែលនឹងទៅបោះឆ្នោតនៅថ្ងៃសៅរ៍។ ការប៉ុនប៉ងលើកដំបូងរបស់គណបក្សក្នុងការចោទប្រកាន់បានបរាជ័យនៅថ្ងៃទី ៧ ខែធ្នូ ដោយសារ ការបោះឆ្នោតខ្វះសន្លឹកឆ្នោតគាំទ្រ។
ដោយរិះគន់គណបក្សប្រជាធិបតេយ្យថា ជា «បាត់បង់អំណាច» លោក Yoon បាននិយាយថា «មិនថាខ្ញុំត្រូវចោទប្រកាន់ឬត្រូវស៊ើបអង្កេតទេ ខ្ញុំនឹងប្រឈមមុខដោយយុត្តិធម៌»។
ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានដាក់បម្រាមការធ្វើដំណើរលើលោក Yoon ខណៈដែលការស៊ើបអង្កេត លើការបះបោរ និងការចោទប្រកាន់ផ្សេងទៀតកំពុងដំណើរការ។ ប្រធានស្ថាប័នស៊ើបអង្កេតអំពើពុករលួយ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ការិយាល័យ របស់គាត់នឹងស្វែងរកការឃុំខ្លួន ឬចាប់ខ្លួន Yoon ប្រសិនបើការស៊ើបអង្កេត ដែលកំពុងបន្តរកឃើញហេតុផល ៕
ប្រែសម្រួលៈ ណៃ តុលា